ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ការប្រយុទ្ធគ្នានៅក្នុងរដ្ឋ North Darfur ដែលហែកហួរដោយសង្រ្គាមរបស់ប្រទេសស៊ូដង់ បានជម្លៀសប្រជាជនប្រហែល «១៥.000គ្រួសារ» ពីទីក្រុង Al-Malha ក្នុងរយៈពេល ៤៨ម៉ោង។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបញ្ជាក់ថា ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) និងកងទ័ពស៊ូដង់ និងកងជីវពលសម្ព័ន្ធមិត្តរបស់ខ្លួន បានបង្ខំឲ្យក្រុមគ្រួសារទាំងអស់នេះភៀសខ្លួន «ជាចម្បងទៅកាន់ទីតាំងផ្សេងទៀត» នៅក្នុងតំបន់តែ មួយ។

ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក សង្រ្គាមរវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ បានធ្វើឲ្យមនុស្សជាង ១២លាននាក់ ភៀសខ្លួន និងបានបង្កើតវិបត្តិស្រេកឃ្លាន និងការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក។
នៅក្នុងរដ្ឋ North Darfur តែមួយប៉ុណ្ណោះ មនុស្សជិត ១,៧ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ និងប្រហែល ២ លាននាក់ប្រឈមនឹងអសន្តិសុខស្បៀងអាហារយ៉ាងខ្លាំង។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ។
កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា បានដណ្តើមយកបានទីក្រុង Al-Malha ដែលស្ថិតនៅជើងភ្នំចម្ងាយ ២០០ គីឡូម៉ែត្រ (១២៤ ម៉ាយ) ភាគឦសាននៃរដ្ឋធានី El-Fasher នៃរដ្ឋ North Darfur ។
យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ។ នេះបើយោងតាមចំនួនដែលចែករំលែកដោយសកម្មជន នៅរដ្ឋធានី El-Fasher។