ជាងពាក់កណ្តាលនៃប្រជាជនប៉ាគីស្ថាន មិនមានចំណាប់អារម្មណ៍លើនយោបាយ ឬការបោះឆ្នោតទេ។ នេះបើយោងតាមការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ Gallup & Gilani Pakistan ។
របាយការណ៍ស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា ៦៧%នៃប្រជាជនប៉ាគីស្ថានដែលត្រូវបានស្នើឲ្យបញេ្ចញមតិរបស់ពួកគេអំពីកម្រិតនៃការចូលរួមនយោបាយរបស់ពួកគេ បាននិយាយថា ពួកគេមិនពាក់ព័ន្ធនឹងនយោបាយទាល់តែសោះ។
ការស្ទង់មតិដែលបានជ្រើសរើសយកបុរស និងស្ត្រីមកពីទីក្រុង និងជនបទ នៅទូទាំងខេត្តចំនួន៤នៃប្រទេសប៉ាគីស្ថាន បានគូសបញ្ជាក់ពីការដកខ្លួនយ៉ាងទាំងស្រុងពីការចូលរួមក្នុងកិច្ចការនយោបាយ នៅក្នុងប្រទេសនេះ។
យោងតាមការរកឃើញ ប្រជាជនប៉ាគីស្ថាន ១០% បាននិយាយថា ពួកគេចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការនយោបាយ ឬការបោះឆ្នោត ខណៈដែល ១៣ % បានរាយការណ៍ថា មានការពាក់ព័ន្ធខ្លះ ហើយ ១០ % មិនដឹងទាល់តែ ឬជ្រើសរើសមិនឆ្លើយតប។
ការសិក្សានេះ ត្រូវបានធ្វើឡើង នៅចន្លោះថ្ងៃទី ០៧ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ដោយប្រើការសម្ភាសន៍តាមទូរស័ព្ទជំនួយដោយកុំព្យូទ័រ (CATI)។
របាយការណ៍ ក៏បានបញ្ជាក់ផងដែរអំពីការធ្លាក់ចុះនៃការចូលរួមផ្នែកនយោបាយនៅក្នុងប្រទេសនេះ ដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំនួនអ្នកទៅបោះឆ្នោត និងការចូលរួមតាមបែបប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។