រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានចូលរួមពិធីដាក់កម្រងផ្កានៅស្តូបអនុស្សាវរីយ៍ជាតិ Pearl Harbor ស្ថិតក្នុងរដ្ឋហាវ៉ៃ ។
កាលពីថ្ងៃទី ៧ ខែធ្នូរ ឆ្នាំ ១៩៤១ ជប៉ុនបានវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកំពង់ផែ Pearl Harbor ដោយបានសម្លាប់ជនជាតិអាមេរិក ២.៣៩០នាក់ ។
ក្រោយដំណើរទស្សនកិច្ចទៅកាន់រដ្ឋហាវ៉ៃកាលពីថ្ងៃចន្ទ លោក Hegseth នឹងបន្តដំណើរទៅកាន់កោះ Guam ប្រទេសជប៉ុន និងប្រទេសហ្វីលីពីន ។
ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Hegseth ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ បានកើតមានឡើ បន្ទាប់ពីគេរាយការណ៍ថាមានការបញ្ចេញផែនការសង្រ្គាមនៅក្នុង Groupផ្ញើសារ ដែលរួមមានទាំងអ្នកសារព័ត៌មានម្នាក់ ភ្លាមៗមុនពេលសហរដ្ឋអាមេរិកវាយប្រហារក្រុមឧទ្ទាមហ៊ូទីយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ ។
ពេលមកដល់កោះហាវ៉ៃ លោក Hegseth បានលើកឡើងពីការធ្វើសេចក្តីរាយការណ៍របស់កាសែត The Atlantic កាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងការចែករំលែកផែនការសង្រ្គាមសម្ងាត់ ប្រឆាំងក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន ។
ពេលមកដល់មូលដ្ឋានទ័ព Joint Base Pearl Harbor–Hickam ស្ថិតលើកោះ Oahu រដ្ឋហាវ៉ៃ លោក Hegseth និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្មាននរណាម្នាក់ផ្ញើសារផែនការសង្រ្គាមនោះទេ ហើយលោកបានរិះគន់អ្នកសារព័ត៌មានពាក់ព័ន្ធថា ជាមនុស្សបោកប្រាស់ ដោយចោតប្រកាន់គាត់ថាធ្វើឲ្យសាយភាយការបោកបញ្ឆេត ។
គួរឲ្យដឹងថា សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ បន្ទាបពីការបញ្ចេញព័ត៌មានរបស់កាសែត The Atlantic ថា ក្រុមមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់លោក Trumpច្រឡំបញ្ចេញផែនការសង្រ្គាមនៅក្នុង Groupផ្ញើសារដែលមានអ្នកសារព័ត៌មានម្នាក់ ភ្លាមៗមុនពេលសហរដ្ឋអាមេរិកវាយប្រហារលើក្រុមឧទ្ទាមហ៊ូទី ៕