ប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជាបង្កើតអាវុធថ្មីនៃយុទ្ធសាស្ត្រដាក់សម្ពាធផ្នែកសេដ្ឋកិច្ច កាលពីថ្ងៃចន្ទ (ទី២៤ ខែមីនា) ដោយគំរាមដាក់ចេញនូវអ្វីដែលលោកហៅថា «ការដំឡើងពន្ធបន្ថែម» លើប្រទេសដែលទិញប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីរារាំងលំហូរពាណិជ្ជកម្មប្រេងរបស់ប្រទេសនេះជាមួយប្រទេសដទៃទៀត។
ការគំរាមដែលត្រូវបានបង្ហោះចែកចាយលើបណ្ដាញសង្គម Truth Social បន្ទាប់មកត្រូវបានបញ្ជាក់នៅក្នុងក្រឹត្យមួយនោះ បានលើកឡើងថា ប្រទេសនានាអាចប្រឈមនឹងការដំឡើងពន្ធ ២៥ភាគរយ ជុំវិញពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើពួកគេទិញប្រេង និងឧស្ម័នពីវេណេហ្ស៊ុយអេឡាដែលកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិករួចហើយ។ ចំណាត់ការនេះ គឺសំដៅដាក់សម្ពាធលើវេណេហ្ស៊ុយអេឡា សម្រាប់អ្វីដែលលោក Trump បាននិយាយថា ក្នុងចំណោមបញ្ហាផ្សេងៗទៀត ប្រទេសនេះបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនូវ «ឧក្រិដ្ឋជនរាប់ម៉ឺននាក់»។
វិធីសាស្រ្តថ្មីនេះ បានបន្ថែមទៅក្នុងបញ្ជីអាវុធដាក់សម្ពាធច្រើនឡើងៗដែលលោក Trump បានខ្នះខ្នែងដាក់ចេញ ដើម្បីជាផ្នែកមួយនៃការជំរុញឲ្យប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់អាមេរិកជាអានុភាព ក្នុងការសម្រេចបាននូវគោលដៅគោលនយោបាយបរទេស និងជាតិ។ គំនិតនេះហាក់ដូចជាច្បាស់ណាស់ថា នឹងធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងជាមួយប្រជាជាតិអាមេរិកឡាទីនមួយនេះ ជុំវិញបញ្ហាអន្តោប្រវេសន៍ និងគោលនយោបាយការបរទេស។
នាយកគោលនយោបាយថាមពលអាមេរិកឡាទីន នៅឯវិទ្យាស្ថាន Baker សម្រាប់គោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Rice University ក្នុងទីក្រុង Houston គឺលោក Francisco Monaldi បាននិយាយថា៖ «នេះគឺជាគំនិតថ្មីក្នុងសង្គ្រាមសេដ្ឋកិច្ច។ តើវាអាចអនុវត្តបានដោយរបៀបណា? វាមិនទាន់ច្បាស់លាស់នោះទេ»។
ជាមួយនឹងការគំរាមកំហែងនេះ លោក Trump ហាក់ដូចជាកំពុងបង្កើតការរួមបញ្ចូលគ្នានៃការដំឡើងពន្ធ និងអ្វីដែលគេស្គាល់ថា ជាទណ្ឌកម្មបន្ថែមជំហានទី២ ពោលគឺជាការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដែលអាចដាក់លើប្រទេសផ្សេងទៀត ឬបុគ្គល ដែលធ្វើអាជីវកម្មជាមួយអង្គភាពរងទណ្ឌកម្ម។ គោលដៅនៃ «ពន្ធបន្ថែម» របស់លោក អាចមានភាពទូលំទូលាយ ដោយសារប្រេងរបស់វេណេហ្ស៊ុយអេឡា បាននាំចេញទៅកាន់ទីកន្លែងជាច្រើនៗ ដូចជាសហរដ្ឋអាមេរិក អេស្ប៉ាញ ឥណ្ឌា និងទីផ្សារងងឹត៕