លោក Keir Starmer បានជួបពិភាក្សាថ្មីជាមួយលោក Donald Trump លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ចំពេលមានការរំពឹងទុកខ្លាំងឡើងៗថា ចក្រភពអង់គ្លេស អាចដកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ជាការប៉ុនប៉ង ដើម្បីបញ្ចៀសកុំឲ្យមានការដំឡើងពន្ធលើការនាំចេញរបស់ចក្រភពអង់គ្លេស។
វិមាន Downing Street កាលពីថ្ងៃចន្ទ (ទី២៤ ខែមីនា) បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី បានជជែកជាមួយប្រធានាធិបតីអាមេរិកតាមទូរសព្ទ កាលពីយប់ថ្ងៃអាទិត្យចុងប្ដាហ៍កន្លងមក ដើម្បី «ពិភាក្សាអំពីវឌ្ឍនភាព» លើកិច្ចព្រមព្រៀងដែលអាចកើតមាន។
បណ្ដារដ្ឋមន្ត្រីកំពុងព្យាយាមធ្វើយ៉ាងណាឲ្យទទួលបានការលើកលែងពីការដំឡើងពន្ធរបស់អាមេរិក ដែលនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា។ ប្រភពពីមន្ត្រីរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ថា ការលុបពន្ធលើសេវាកម្មឌីជីថលតម្លៃ ៨០០លានផោនដែលត្រូវបានផ្ដោតលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បានបង្កើតជាផ្នែកមួយនៃការពិភាក្សានេះ។
កាតព្វកិច្ចពន្ធនេះត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ ដើម្បីជួយធានាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបង់ពន្ធកាន់តែច្រើន និងប្រឆាំងការរិះគន់ដែលក្រុមហ៊ុនទាំងនោះទទួលបានអត្ថប្រយោជន៍ពន្ធមិនយុត្តិធម៌ បើធៀបជាមួយក្រុមហ៊ុនលក់រាយ។ ប៉ុន្តែប្រាក់ចំណូលបានធ្លាក់ចុះឆ្ងាយលើសពីការប៉ាន់ស្មានចំនួន ៣ពាន់លានផោន ក្នុងមួយឆ្នាំ៕