កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមជីវពលហាម៉ាសប៉ាឡេស្ទីន បានចុះផ្សាយរូបភាពវីដេអូឃ្លីបរបស់ចំណាប់ថ្នូរអ៊ីស្រាអែល ២នាក់ រយៈពេល ១សប្តាហ៍ ក្រោយកិច្ចប្រជុំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានដួលរលំ ហើយអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមឡើងវិញនៅតំបន់ហ្កាហ្សា ។
ក្រុមគ្រួសាររបស់ចំណាប់ថ្នូរ Elkana Bohbot វ័យ ៣៥ឆ្នាំ និងចំណាប់ថ្នូរ Yosef-Haim Ohana វ័យ ២៤ឆ្នាំ ដែលត្រូវបានចាប់ពង្រាត់ដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ចេញពីពិធីបុណ្យតន្រ្តី Nova បានអនុញ្ញាតឲ្យវីដេអូមួយឃ្លីបនេះចុះផ្សាយ ។
រូបភាពវីដេអូឃ្លីបនេះ ឃើញលោក Bohbot និងលោក Ohana អង្គុយនៅទីតាំងពុំបានបញ្ជាក់មួយកន្លែង និយាយពីលោក Ohad Ben Ami ដែលជាអតីតចំណាប់ថ្នូរត្រូវបានដោះលែងកាលពីថ្ងៃទី ៨ ខែកុម្ភៈ អំឡុងកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយនិងអង្វរសុំឲ្យពួកគេ បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។
លោក Bohbot ដែលមកពីសហគមន៍ Mevasert Zion ស្ថិតនៅតំបន់ជាយក្រុងហ្សេរុយសាឡឹម មានកូនអាយុ ៤ឆ្នាំម្នាក់ និងភរិយាម្នាក់ ។
ក្រោយភាពស្ងប់ស្ងាត់រយៈពេលជាច្រើនសប្តាហ៍នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានបទឈប់បាញ់ឈានដល់កាលពីខែមករា ការប៉ុនប៉ងដើម្បីបន្តការបញ្ឈប់សង្រ្គាមបានជាប់គាំង ហើយអ៊ីស្រាអែល បានចាប់ផ្តើមឡើងវិញការវាយប្រហារតាមច្រកអាកាសរបស់ពួកគេ និងបានដាក់ពង្រាយទាហានជើងគោកទៅកាន់តំបន់ទូទាំងដែនដីហ្កាហ្សា ។
អ៊ីស្រាអែល និយាយថា សំពាធយោបាន បានជំរុញឲ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់លើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលគេមើលឃើញចំណាប់ថ្នូរប្រហែល ៨០នាក់ វិលត្រឡប់មកវិញ ។ ពួកគេនិយាយថា ក្រុមហាម៉ាស បដិសេធន៍ពុំព្រមទទួលយកកិច្ចព្រមព្រៀងស្នើសុំណាមួយ ហើយសំពាធយោធា គឺជាមធ្យោបាយប្រាកដប្រជាបំផុត ក្នុងការបង្ខំឲ្យមានការដោះលែងចំណាប់ថ្នូរសេសសល់ ៥៩នាក់ ៕