ក្រុមសិទ្ធិស្របច្បាប់តំណាងឲ្យពួកគេបាននិយាយកាលពីថ្ងៃចន្ទថា អ្នករស់រានមានជីវិត ៨នាក់ នៃជម្លោះដ៏បំផ្លិចបំផ្លាញ នៅក្នុងតំបន់ Tigray ភាគខាងជើងនៃប្រទេសអេត្យូពី បានចោទប្រកាន់មន្ត្រីស៊ីវិល និងយោធាជាន់ខ្ពស់របស់ប្រទេសអេត្យូពី និងអេរីទ្រីចំនួន ១២រូប ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិ។
តំបន់ Tigray ដែលមានព្រំប្រទល់ជាប់ប្រទេសអេរីទ្រី បានស៊ូទ្រាំនឹងសង្រ្គាមចន្លោះឆ្នាំ ២០២០ និង២០២២ ដែលបានឆក់យកជីវិតមនុស្ស រហូតដល់ ៦០០.000នាក់។ នេះបើយោងតាមការប៉ាន់ស្មាន មួយចំនួន។
ជម្លោះនេះ បានធ្វើឲ្យក្រុមឧទ្ទាមរណសិរ្សរំដោះប្រជាជន Tigray ប្រឆាំងនឹងកងកម្លាំងសហព័ន្ធអេត្យូពី ដែលគាំទ្រដោយកងជីវពលក្នុងស្រុក និងកងទ័ពអេរីទ្រី។
ភាគីទាំងពីរត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅ ដោយរដ្ឋាភិបាលបានបិទតំបន់ Tigray ស្ទើរតែពេញសង្គ្រាមនេះ និងការរឹតបន្តឹងជំនួយមនុស្សធម៌មិនឲ្យចូលទៅដល់តំបន់នេះ។
អង្គការមិនរកប្រាក់ចំណេញផ្នែកច្បាប់ទូទាំងពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនៅរស់រានមានជីវិតចំនួន ៨នាក់ «បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌដំបូង ទៅរដ្ឋអាជ្ញាសាធារណៈសហព័ន្ធអាល្លឺម៉ង់ ដោយចោទប្រកាន់ថា មន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាជាន់ខ្ពស់របស់អេត្យូពី និងអេរីទ្រី ១២រូប បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងអំឡុងពេលជម្លោះ»។