នាយកដ្ឋានហិរញ្ញវត្ថុរបស់ប្រទេសនេះ បាននិយាយនៅក្នុងរបាយការណ៍ទស្សនវិស័យប្រចាំខែរបស់ខ្លួននៅថ្ងៃអង្គារនេះថា អតិផរណា ត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងរង្វង់ ១-១៥% នៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងអំឡុងខែមីនា ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ ស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ឈានទៅការងើបឡើងវិញពីវិបត្តិម៉ាក្រូសេដ្ឋកិច្ច។
ការកាត់បន្ថយអត្រាគោលនយោបាយយុទ្ធសាស្ត្រដោយធនាគារកណ្តាលប៉ាគីស្ថាន និងកំណែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ដោយរដ្ឋាភិបាល បាននាំឲ្យមានការថយចុះយ៉ាងខ្លាំងនូវអត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសប៉ាគីស្ថាន ដែលនាំឲ្យវាធ្លាក់ចុះមកត្រឹម ១,៥ % ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥។
អត្រាអតិផរណារបស់ប្រទេសប៉ាគីស្ថាន បានឡើងដល់កម្រិតខ្ពស់បំផុត ៣៨% នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ បានដកប្រាក់ឧបត្ថម្ភធនថាមពល និងប្រេងឥន្ធនៈ ក្រោមកិច្ចព្រមព្រៀង ដែលបានព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កញ្ចប់ថវិកាសង្គ្រោះហិរញ្ញវត្ថុ។
នាយកដ្ឋានហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងរបាយការណ៍ទស្សនវិស័យថា៖«អតិផរណា ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងចន្លោះពី១,0-១,៥ % សម្រាប់ខែមីនា ឆ្នាំ ២០២៥ និងកើនឡើងដល់ ២,0-៣,0% នៅក្នុងខែមេសា ឆ្នាំ ២០២៥»។