ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់ដល់កងទ័ព ទាំងអស់ឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំជឿតាមការញុះញង់ និងបំភ្លើស បំភ្លៃព័ត៌មានមួយចំនួនទាក់ទង នឹងបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាពិសេសជាមួយប្រទេសថៃ ខណៈព័ត៌មានខ្លះកើតឡើងពីការញុះញង់របស់ក្រុមប្រឆាំងថៃ និងក្រុមប្រឆំាងផ្កាប់មុខរបស់ខ្មែរ ដើម្បីតែគេងចំណេញនយោបាយរបស់ពួក គេប៉ុណ្ណោះ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគពិសេសខេត្តកណ្តាល និងកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៣ ខេត្តតាកែវ និងខេត្តកំពត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បាន លើកឡើងថា ព័ត៌មានតាមបណ្តាញសង្គមខ្លះដែលថាភាគីថៃបង្ហាញ និងសម្តែងរិទ្ធនូវយុទ្ធោបករណ៍ហើយដឹកមកព្រំដែនក្បែរប្រទេសកម្ពុជានោះ គឺជាព័ត៌មានក្លែងក្លាយ និងរូបភាពចាស់ ដែលបានបង្កើតឡើងដោយក្រុមប្រឆាំង ថៃនិងក្រុមប្រឆាំងរបស់ខ្មែរតែប៉ុណ្ណោះ ខណៈការប្រឌិតរបស់ពួកប្រឆាំងទាំងនោះគឺមានគោលបំណងឲ្យ មានភាពតានតឹងនូវតាមព្រំដែនប្រទេសទាំងពីរ(កម្ពុជា-ថៃ)។
ប្រមុខការពារជាតិកម្ពុជារូបនេះ បានលើកឡើងទៀតថា បញ្ហាព្រំដែនជាបញ្ហារសើបមួយព្រោះក្រុមប្រឆាំងតែងលើកបញ្ហាព្រំដែនយកមកធ្វើការវាយប្រហារចំពោះរាជរដ្ឋាភិបាល ដូចជាករណីយ៍CLVជាមួយប្រទេសវៀតណាមហើយនៅពេលដែលរដ្ឋភិបាលសម្រេចលុបCLV ជាមួយវៀតណាមចោល ពួកគេបានលើកយកបញ្ហាព្រំដែនជាមួយប្រទេសថៃមកធ្វើការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាវិញម្ដង ដូច្នេះ សូមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់រក្សានូវភាពស្ងៀមស្ងាត់។
យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ទៀ សីហា បានប្រាប់ដល់ជានាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសសួរសុខទុក្ខនោះថា បញ្ហាព្រំដែនជាមួយប្រទេសជិតខាងត្រូវបានប្រមុខរាជរដ្ឋា ភិបាលបានកំពុងដោះស្រាយគ្នាដោយសន្តិវិធី ជាពិសេសជាមួយភាគីថៃ គឺគ្មានបញ្ហាអ្វីនោះឡើយ ដូច្នេះ នាយឧត្តមសេនីយ៍ណែនាំកុំឲ្យជឿលើព័ត៌ដែលមានលក្ខណៈញុះញង់ និងបំភ្លៃការពិតទាំងនោះឲ្យសោះ៕
អត្ថបទ បាន ចក់






