បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណះបញ្ជាការឯកភាពខេត្ត បានធ្វេីការណែនាំដល់គ្រប់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាកន្លែងធ្វេីការដែលមានជនបរទេសស្នាក់នៅ ឬធ្វេីការ នៅក្នុងខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពជនបរទេសទាំងនោះឲ្យត្រឹមត្រូវដើម្បីធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ធ្វើបច្ចុប្បន្នភាពចំនួនជនបរទេស បានជាក់លាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានដាក់នូវបទបញ្ជា ដែរចំពោះកាស៊ីណូ ក៏ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ដែលត្រូវមានកិច្ចសហការផ្តល់ទិន្នន័យចំនួនជនបរទេស ដែលកំពុងស្នាក់នៅធ្វេីការនៅក្នុងខេត្ត បេីមិនព្រមសហការជាមួយអាជ្ញាធរខេត្តនោះទេ នឹងត្រូវធ្វើការអនុវត្តទៅតាមនីតិវិធីជាធរមាន។
ជាមួយគ្នានោះដែរអាជ្ញាធរមានសមត្ថិកិច្ច និងធ្វើការចុះដោយផ្ទាល់ ដើម្បីស្រង់ស្ថិតិចំនួនជនបរទេសជាក់ស្តែង នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដើម្បីធ្វើរបាយការណ៍ ជូនក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ការធ្វេីបច្ចុប្បន្នភាពជនបរទេស នៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺដេីម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ដូច្នេះក្នុងនាមក្រុមហ៊ុន កាស៊ីណូ និងម្ចាស់ផ្ទះសំណាក់ គប្បីត្រូវចូលរួមពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យល្អប្រសើរ ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាតិ-អន្តជាតិ ក្នុងខេត្តឱ្យមកទស្សនា និងប្រកបរបររកស៊ី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឲ្យជំនឿទុកចិត្តកាន់តែខ្លាំងឡើងថែមទៀតផងដែរ៕ អត្ថ៖ ឃិន សារិទ្ធ






