វិមានក្រឹមឡាំង បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងវិភាគលទ្ធផលនៃការចរចា រវាងមន្ត្រីរបស់ប្រទេសទាំង២ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃចន្ទ (ទី២៤ ខែមីនា) ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតនៃការពិភាក្សា ដែលភាគីទាំង២ បាននិយាយថា នឹងផ្តោតលើលទ្ធភាពនៃការមានបទឈប់បាញ់ផ្នែកកងទ័ពជើងទឹក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា គណៈប្រតិភូដែលកំពុងពិនិត្យមើលលទ្ធភាពពីការមានកិច្ចព្រមព្រៀងមួយចំនួន រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលគ្របដណ្តប់លើការធ្វើនាវាចរណ៍ ក្នុងសមុទ្រខ្មៅ ក្នុងចំណោមបញ្ហាផ្សេងទៀតនោះ បានរាយការណ៍ត្រលប់ទៅរដ្ឋធានីរបស់ប្រទេសរៀងៗខ្លួនវិញហើយ។
លោក Peskov បាននិយាយថា៖ «អ្នកឃើញទេ យើងកំពុងនិយាយអំពីការចរចាបច្ចេកទេស ដែលចូលកាន់តែជ្រៅទៅក្នុងការចរចាលម្អិត។ ដូច្នេះហើយ ពិតណាស់ ខ្លឹមសារនៃការចរចាទាំងនេះ នឹងមិនត្រូវបានគេផ្សព្វផ្សាយឲ្យដឹងនោះទេ។ រឿងនេះមិនគួរត្រូវបានរំពឹងទុកនោះឡើយ»។
លោកបានបន្ថែមថា៖ «បន្ថែមពីលើនោះទៀត ខ្ញុំសូមនិយាយម្តងទៀតថា របាយការណ៍ទៅកាន់រដ្ឋធានីនីមួយៗ ឥឡូវនេះ កំពុងត្រូវបានវិភាគ។ ការសរុបអាចកើតមានឡើង លុះត្រាណាតែដំណើរការវាយតម្លៃត្រូវបានបញ្ចប់សព្វគ្រប់»។
ជាមួយគ្នានេះ លោក Peskov ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នមិនមានការពិភាក្សា អំពីកិច្ចប្រជុំត្រីភាគីដែលមានការចូលរួមពីរុស្ស៊ី អាមេរិក និងអ៊ុយក្រែននោះទេ៕