រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ក្នុងសប្តាហ៍នេះ នឹងស្នើឲ្យបណ្ដាមន្ត្រីអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសទួរគី និងអនុញ្ញាតឲ្យខ្លួនវិលទៅកាន់កម្មវិធីយន្តហោះចម្បាំងដ៏ធំ ខណៈដែលទីក្រុងអង់ការ៉ាស្វែងរកការពង្រឹងទំនាក់ទំនងឲ្យកាន់តែរឺងមាំជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។
លោក Fidan គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃអង្គារ (ទី២៥ ខែមីនា) នេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីជជែកតាមទូរសព្ទ រវាងលោក Trump និងប្រធានាធិបតីទួរគី លោក Tayyip Erdogan ដែលជំនួយការជាន់ខ្ពស់របស់លោក Trump បានពិពណ៌នាថា ជា «ការនាំឲ្យមានការផ្លាស់ប្តូរដ៏សំខាន់»។
ដំណើរទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់របស់ទួរគីនេះ ក៏កើតឡើងផងដែរ ក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់លោក Erdogan បន្ទាប់ពីគូប្រជែងនយោបាយសំខាន់របស់លោក និងជាអភិបាលក្រុងអ៊ីស្តង់ប៊ុល គឺលោក Ekrem Imamoglu ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ កាលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដោយជំរុញឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ បន្ទាប់ពីមានការបង្ក្រាបផ្លូវច្បាប់អស់រយៈពេលជាច្រើនខែមកលើក្រុមប្រឆាំង។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងទួរគី បានធ្លាក់ចុះយ៉ាងខ្លាំងក្លាពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលការខ្វែងគំនិតគ្នា រវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាដែលមានរយៈពេលដ៏យូរអង្វែងទាំង២ បានរីកកាន់តែធំឡើងៗ៕