នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រាប់ទូរទស្សន៍ TV2 នៅថ្ងៃអង្គារ (ទី២៥ ខែមីនា) នេះថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធមិនអាចទទួលយកបានលើកោះ Greenland ដោយការលើកឡើងនេះកើតមាន នៅមុនការធ្វើដំណើររបស់គណៈប្រតិភូជាន់ខ្ពស់អាមេរិកទៅកាន់ដែនដីពាក់កណ្ដាលស្វយ័តរបស់ប្រទេសដាណឺម៉ាក។
ដំណើរទស្សនកិច្ចរបស់សហរដ្ឋអាមេរិកដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ នឹងត្រូវដឹកនាំដោយលោកស្រី Usha Vance ភរិយារបស់អនុប្រធានាធិបតី លោក JD Vance និងរួមមានទាំងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Mike Waltz និងរដ្ឋមន្ត្រីថាមពល លោក Chris Wright។
លោកស្រី Frederiksen បានប្រាប់ទូរទស្សន៍ TV2 ថា៖ «ខ្ញុំត្រូវតែនិយាយថា វាគឺជាសម្ពាធមិនអាចទទួលយកបានដែលត្រូវបានដាក់នៅលើដែនដី Greenland និងប្រទេសដាណឺម៉ាក ក្នុងស្ថានភាពនេះ។ ហើយវាគឺជាសម្ពាធដែលយើងនឹងតស៊ូទប់ទល់»។
គណៈប្រតិភូនេះ មិនត្រូវបានអញ្ជើញដោយរដ្ឋាភិបាលកោះ Greenland ឬប្រទេសដាណឺម៉ាកនោះឡើយ។ លោក Brian Hughes អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយថា គណៈប្រតិភូមានគោលបំណង «ស្វែងយល់អំពីដែនដី Greenland វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជនរបស់កោះនេះ»។
តែលោកស្រី Frederiksen បានច្រានចោលគំនិតនៃការធ្វើទស្សនកិច្ចឯកជននោះ ដោយលើកឡើងថា «អ្នកមិនអាចធ្វើទស្សនកិច្ចឯកជនដោយមានអ្នកតំណាងផ្លូវការមកពីប្រទេសមួយផ្សេងទៀតបានទេ»៕