ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ គឺយូនីសេហ្វ (UNICEF) នៅថ្ងៃអង្គារ (ទី២៥ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា តំបន់ឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែន កំពុងស្ថិតក្នុងដំណាក់កាលនៃគ្រោះមហន្តរាយហើយ ដោយសារតែកង្វះអាហារូបត្ថម្ភ។
តាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងសាណា លោក Peter Hawkins មកពីអង្គការយូនីសេហ្វ បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «យើងបានឃើញតួលេខនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងស្រួចស្រាវ ៣៣ភាគរយ នៅក្នុងតំបន់មួយចំនួន។ ជាពិសេស នៅឆ្នេរសមុទ្រភាគខាងលិច ក្នុងទីក្រុង Hodeidah វាជិតដល់ពេលជួបមហន្តរាយហើយ ដោយមនុស្សរាប់ពាន់នាក់នឹងត្រូវស្លាប់»។
ការកាត់បន្ថយជំនួយដោយសហរដ្ឋអាមេរិក និងម្ចាស់ជំនួយផ្សេងទៀត រួមជាមួយនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃការចែកចាយស្បៀងអាហារក្នុងឆ្នាំ២០២៤ បានរួមចំណែកជំរុញឲ្យមានស្ថានភាពធ្ងន់ធ្ងរ នៅក្នុងតំបន់មួយចំនួន។
យោងតាមទីភ្នាក់ងារនេះ បានឲ្យដឹងថា កុមារម្នាក់ក្នុងចំណោម ២នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ ខ្វះអាហារូបត្ថម្ភ នៅប្រទេសយេម៉ែន រួមជាមួយនឹងស្ត្រីមានផ្ទៃពោះ និងស្ដ្រីបំបៅដោះកូនចំនួន ១,៤លាននាក់៕