រដ្ឋមន្ត្រីការបរទេសចិន បានជួបជាមួយសមភាគីព័រទុយហ្គាល់របស់លោក នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារ (ទី២៥ ខែមីនា) នេះ ដោយអំពាវនាវឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប នៅពេលដែលទាំងមេដឹកនាំចិន និងអឺរ៉ុប ឆ្លងកាត់ភាពតានតឹងពាណិជ្ជកម្មពិភពលោកដែលមានកាន់តែខ្លាំងឡើងៗដូចគ្នា។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ គឺលោក Paulo Rangel ថា ប្រទេសចិននឹងធ្វើការជាមួយប្រទេសព័រទុយហ្គាល់ ដើម្បីលើកកម្ពស់ទំនាក់ទំនងចិន-អឺរ៉ុប។ លោក Wang បាននិយាយថា៖ «ប្រទេសចិនចាត់ទុកអឺរ៉ុបជាប៉ូលដ៏សំខាន់មួយ នៅក្នុងពិភពពហុប៉ូល ហើយគាំទ្រអឺរ៉ុប ក្នុងការរក្សាស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Rangel ដែលជាលើកទី១ របស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ព័រទុយហ្គាល់ ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ បានកើតឡើងនៅពេលដែលប្រទេសជាសមាជិកសហភាពអឺរ៉ុប ព្រួយបារម្ភចំពោះលទ្ធភាពនៃការមានសង្រ្គាមពាណិជ្ជកម្មទាំងជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
ទាំងមន្ត្រីជាន់ខ្ពស់ នៅទីក្រុងប៉េកាំង និងរដ្ឋធានីអឺរ៉ុប កំពុងផ្ដោតលើការខិតកាន់តែជិតគ្នា ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមគំហែងធ្វើឲ្យលែងមានស្ថិរភាព សម្រាប់ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងពាណិជ្ជកម្មពិភពលោក។
ក្រៅពីលោក Rangel រដ្ឋមន្ត្រីការបរទេសបារាំង និងប្រធានព្រឹទ្ធសភាអ៊ីតាលី សុទ្ធតែគ្រោងធ្វើទស្សនកិច្ច នៅប្រទេសចិន និងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន ក្នុងសប្តាហ៍នេះ៕