ជនប៉ាឡេស្ទីន បានជួបជុំគ្នានៅក្នុងផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្កាហ្សា ដើម្បីទិញទំនិញមូលដ្ឋានរបស់ពួកគេ សម្រាប់អាហារ Iftar នៅក្នុងខែពិសិដ្ឋ Ramadan ស្របពេលដែលសង្រ្គាមកំពុងបន្ត និងការបិទច្រកតំបន់ហ្កាហ្សា បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់បំផុតនៅក្នុងដែនដីហ៊ុមព័ទ្ធមួយនេះ ។
ដោយសារជំនួយហូរចូលតិចតួច ហើយគ្មានសញ្ញាណាមួយនៃភាពធូរស្បើយនោះ ពលរដ្ឋជាច្រើននៅក្នុងតំបន់ហ្កាហ្សា ព្រួយបារម្ភដល់រឿងដ៏អាក្រក់បំផុត ខណៈខែតមអាហារ Ramadanស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោក Abu Mohammed Al-Najjar គឺជាម្ចាស់ហាងប៉ាឡេស្ទីនមួយរូបនិយាយថា ពួកយើងជិតឈានដល់ដំណាក់កាលដាច់ពោះស្លាប់ហើយ ។
លោកបន្តថា ពេលដែលច្រកឆ្លងកាត់បានបិទអស់រយៈពេល ១ខែមកហើយនោះ គ្មានអ្វីមកដល់នោះទេ គ្មានអ្វីទាល់តែសោះ ។
នៅដើមខែនេះ អ៊ីស្រាអែលបានបិទការចូលទំនិញទាំងអស់ទៅក្នុងដែនដីមួយនេះ នៅក្នុងភាពទាល់ច្រកមួយចំពោះបទឈប់បាញ់ដែលបានបញ្ឈប់សង្រ្គាមអស់រយៈពេល ៧សប្តាហ៍ ។ ការបិទច្រកបែបនេះ ធ្វើឲ្យតម្លៃចំណីអាហារចំាបាច់ហក់ឡើងខ្ពស់ ក៏ដូចជាប្រេងឥន្ធនៈ បង្ខំឲ្យមនុស្សជាច្រើននាក់ ចែករំលែចំណែកអាហាររបស់ពួកគេ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលក្នុងស្រុក បានឲ្យដឹងថា ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានធ្វើឲ្យចំនួនជនប៉ាឡេស្ទីនស្លាប់នៅក្នុងសង្រ្គាមមួយនេះ កើនឡើងជាង ៥ម៉ឺននាក់ ៕