ជំនួបតាមអនឡាញមួយត្រូវបានរៀបចំឡើងកាលពីថ្ងៃចន្ទ រវាងក្រុមមេដឹកនាំប្លុកនយោបាយតំបន់អាហ្វ្រិកខាងត្បូង និងតំបន់អាហ្វ្រិកខាងកើត ។
ជំនួបនេះ បានផ្តួចផ្តើមឲ្យពង្រីកក្រុមសម្របសម្រួលដែលមានតួនាទីចរចាបញ្ចប់ការឈ្លានពានរបស់ក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
ជំនួបដែលត្រូវបានចាត់ទុកថាទទួលបានផ្លែផ្កាដោយប្រទេសរ៉្វាន់ដា គឺជាការឆ្លើយតបមួយចំនួន ជម្លោះកើនឡើង ។
បើទោះបីជាមានកិច្ចខិតខំផ្នែកការទូត ដើម្បីដោះស្រាយជម្លោះធំបំផុតនៅតំបន់ភាគខាងកើតកុងហ្គោនារយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ កិច្ចប្រជុំស្វែងសន្តិភាព ហាក់ដូចជាជាប់គាំងកាលពីសប្តាហ៍មុន ។
ក្រុមឧទ្ទាម M23ពុំបានចូលរួមកិច្ចពិភាក្សាទំាងអស់នេះឡើយ ជាមួយរដ្ឋាភិបាលកុងហ្គោនៅប្រទេសអង់ហ្គោឡា ហើយក្រោយមកពួកគេ បានរឹបអូសយកទីក្រុងយុទ្ធសាស្រ្ត Walikale ។
អំពើហិង្សាមួយនេះ មានឫសគល់ពីផលវិបាកជាយូរមកហើយនៃអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ នៅក្នុងប្រទេសរ៉្វាន់ដា ហើយនិងការប្រកួតប្រជែងដណ្តើមគ្រប់គ្រងធនធានរ៉ែសំខាន់ៗនៅតំបន់ភាគខាងកើតកុងហ្គោ ។
ជម្លោះនេះ បង្កឲ្យមានការគ្រប់គ្រងទីក្រុងធំៗបំផុតចំនួន២របស់ក្រុមឧទ្ទាម នៅតំបន់ភាគខាងកើតកុងហ្គោ បង្កឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងក្តីបារម្ភកើនឡើងពីសង្រ្គាមក្នុងតំបន់ទ្រង់ទ្រាយធំ ។
ជាការឆ្លើយតបនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនេះ ប្លុកនៅអាហ្វ្រិកខាងត្បូង និងប្លុកអាហ្វ្រិកខាងកើត បានតែងតែអតីតប្រមុខរដ្ឋចំនួន ៥នាក់ រួមទាំងលោក Olusegun Obasanjo មកពីប្រទេសនីហ្សេរីយ៉ា លោក Kgalema Motlanthe មកពីប្រទេសអាហ្វ្រិកខាងត្បូង និងលោក Sahle-Work Zewde មកពីប្រទេសអេត្យូពី ដើម្បីសម្របសម្រួលដំណើរការស្វែងរកសន្តិភាពនៅកុងហ្គោ ។
ការតែងតាំងក្រុមអ្នកសម្របសម្រួលសន្តិភាពនេះ ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ចេញឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះ ៕