បាល់ទាត់៖ ក្រុមជើងឯកអឺរ៉ុប UEFA Champions League តោខៀវ Chelsea ត្រូវបានចាប់ឆ្នោតចាំជួបក្រុមជើងឯកអាស៊ី Al Hilal រឺក្រុមម្ចាស់ផ្ទះអារ៉ាប់រួម Al Jazira រឺជើងឯកទ្វីបអូសេអានី Auckland City FC នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup។ ក្រុមជើងឯកអារ៉ាប់រួម Al Jazira ដែលប្រកួតក្នុងនាមជាម្ចាស់ផ្ទះនឹងត្រូវជួបជាមួយជើងឯកអូសេអានី Auckland City នៅជុំទី១ ហើយក្រុមឈ្នះនឹងឡើងមកជួបក្រុមជើងឯក AFC Champions League, Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីត។

ចំណែកឯជើងឯកអាមេរិកខាងត្បូង Copa Liberdatores ថ្មីៗ Palmeiras នឹងត្រូវជួបជាមួយក្រុមជើងឯកអាហ្វ្រិក Al Ahly រឺក៏ជើងឯកអាមេរិកកណ្តាល Monterrey របស់ម៉ិកស៊ិកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀត។ FIFA Club World Cup ២០២១ ដែលជាការប្រកួតរវាងក្រុមជើងឯកទ្វីបនីមួយៗ បូកនឹងក្រុមម្ចាស់ផ្ទះនោះនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ Liverpool ជើងឯកឆ្នាំ ២០១៩ និង Manchester United ជើងឯកឆ្នាំ២០០៨ គឺជាក្រុមអង់គ្លេសតែ ២គត់ធ្លាប់ឈ្នះពាននេះ ខណៈ Chelsea ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រតែចាញ់ Corinthians ឆ្នាំ២០១២៕
អត្ថបទ៖នាង សុភាវុធ