ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែងនៅទូទាំងតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់១៨នាក់ ។ ភ្លើងឆេះព្រៃដ៏សាហាវបានរាលដាលពាសពេញតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារទី ២៥ ខែមីនា ដោយបង្ខំឱ្យអ្នកស្រុករាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង និងតំបន់ជុំវិញដោយក្រុមអាជ្ញាធរបានផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារ។

គិតត្រឹមម៉ោង ៥ ព្រឹកថ្ងៃពុធសប្ដាហ៍នេះ មនុស្ស១២ នាក់បានស្លាប់ក្នុងភ្លើងឆេះព្រៃដែលចាប់ផ្តើមពីស្រុក Uiseong ខណៈអ្នកស្លាប់៤នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធទៅនឹងភ្លើងមួយផ្សេងទៀតពីស្រុក Sancheong នេះបើយោងតាមក្រសួងសុវត្ថិភាព។

លោក Lee Byung-doo អ្នកជំនាញខាងគ្រោះមហន្តរាយព្រៃឈើនៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រព្រៃឈើបាននិយាយថា ចំហេះព្រៃក្នុងស្រុក Uiseong មានតែ៦៨ភាគរយប៉ុណ្ណោះ ត្រូវបានពន្លត់ និងកាន់តែធ្ងន់ធ្ងរដោយសារខ្យល់ខ្លាំង បង្ហាញពីទំហំ និងល្បឿនដែលមិនអាចនឹកស្មានដល់។

ប្រធានាធិបតីស្តីទីលោក Han Duck-soo បានប្តេជ្ញាដាក់ពង្រាយឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ និងបុគ្គលិកថ្មើរជើង ដើម្បីទប់ទល់អណ្ដាតភ្លើង ដែលរុញដោយខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។
ចំណែកនៅក្នុងប្រទេសជប៉ុនឯណោះវិញ កិច្ចខិតខំប្រឹងប្រែងពន្លត់អណ្ដាតភ្លើងពីចំហេះព្រៃ នៅតែបន្តក្នុងខេត្តចំនួនពីរភាគខាងលិចប្រទេសជប៉ុន ដោយរដ្ឋាភិបាលក្នុងតំបន់ បានបញ្ជាឱ្យប្រជាជនរាប់ពាន់នាក់ជម្លៀសចេញ ហើយមនុស្សម្នាក់បានស្លាប់។
សារព័ត៌មានរដ្ឋបានរាយការណ៍ថា ប្រជាពលរដ្ឋជាចច្រើន ត្រូវបានណែនាំឲ្យជម្លៀសចេញពីលំនៅឋានក្នុងភាគនិរតី ខណៈអណ្ដាតភ្លើងនៅតែបន្តរាលដាលកាលពីថ្ងៃអង្គារ២៥មីនាសប្ដាហ៍នេះ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតស៊ូនឹងចំហេះព្រៃនោះ៕