បណ្ដាមន្រ្តីចារកម្មជាន់ខ្ពស់របស់អាមេរិក កាលពីថ្ងៃអង្គារ (២៥ មីនា) បានបង្វែរការស្ដីបន្ទោសដាក់ទៅលើរដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth ឱ្យបកស្រាយថា ហេតុដូចម្ដេចបានជាសេចក្ដីលម្អិតដ៏រសើបបំផុតដែលត្រូវបង្ហោះក្នុងសារជជែកតាមទូរសព្ទជុំវិញការវាយប្រហារជិតមកដល់របស់អាមេរិកលើយេម៉ែន មិនត្រូវបានចាត់ទុកជាព័ត៌មានសម្ងាត់។

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បាននឹងកំពុងប្រឹងប្រែងទប់ទល់ភាពរង្គោះរង្គើពីអត្ថបទព័ត៌មានមួយកាលពីថ្ងៃចន្ទ ដោយនិពន្ធនាយកសារព័ត៌មាន The Atlantic គឺលោក Jeffrey Goldberg ដែលបើកបង្ហាញថា លោកត្រូវដាក់បញ្ចូលក្នុងក្រុមជជែកលើកម្មវិធីផ្ញើសារសុវត្ថិភាពបំផុតឈ្មោះថា Signal ជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់លោក Trump ដើម្បីសម្របសម្រួលលើយេម៉ែន ដោយប្រមុខមន្ទីរបញ្ចកោន លោក Hegseth បង្ហោះផែនការសង្រ្គាម ភ្លាមៗមុនរលកទីមួយនៃការវាយប្រហារថ្ងៃ១៥ មីនា "រួមទាំងព័ត៌មានគោលដៅ អាវុធដាក់ពង្រាយ និងការវាយប្រហារបន្តបន្ទាប់"។

យ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា មិនមានព័ត៌មានសម្ងាត់ណាមួយត្រូវបានចែករំលែកក្នុងក្រុមជជែកនោះទេ ដែលធ្វើឱ្យមានការងឿងឆ្ងល់ពីបក្សប្រជាធិបតេយ្យ និងអតីតមន្ត្រីអាមេរិកជាច្រើន ដែលចាត់ទុកប្រភេទព័ត៌មានកំណត់គោលដៅបែបនោះ ថាជារឿងសម្ងាត់ដែលត្រូវរក្សាទុកយ៉ាងជិតស្និទ្ធបំផុត មុនយុទ្ធនាការយោធាអាមេរិក។

នាយកស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard និងនាយកចារកម្ម CIA លោក John Ratcliffe ក៏និយាយផងដែរថា ពុំមានព័ត៌មានសម្ងាត់ត្រូវបានចែករំលែកទេ ប៉ុន្តែក៏សង្កត់ធ្ងន់ថា លោក Hegseth គួរតែជាអ្នកកំណត់ថា ព័ត៌មានការពារជាតិបែបណាត្រូវចាត់ទុកថាសម្ងាត់។ លោក Hegseth បដិសេធថា លោកមិនបានចែករំលែកផែនការសង្រ្គាមក្នុងក្រុមជជែកនោះឡើយ ប៉ុន្តែនិពន្ធនាយក The Atlantic បានឆ្លើយតបថា “ប្រាកដណាស់ នោះជាផែនការសង្រ្គាម”៕