ក្រុមបុគ្គលិកជំនួយមនុស្សធម៌ បាននិយាយថា កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF របស់ស៊ូដង់ ដែលជាប់គាំងក្នុងសង្គ្រាមជាមួយកងទ័ព បានដាក់ឧបសគ្គថ្មី និងគាបសង្កត់លើការផ្តល់ជំនួយទៅកាន់ទឹកដីដែលខ្លួនកំពុងពង្រឹងការគ្រប់គ្រង រួមទាំងតំបន់ដែលគ្រោះទុរ្ភិក្សកំពុងរីករាលដាលខ្លាំងផងដែរ។

សកម្មភាពនេះកើតឡើងនៅពេលកងកម្លាំង RSF ស្វះស្វែងបង្កើតរដ្ឋាភិបាលដោយឡែកមួយនៅភាគខាងលិចនៃប្រទេស ខណៈខ្លួនកំពុងចាញ់ប្រៀបយ៉ាងឆាប់រហ័សនៅរដ្ឋធានី ខាទុម នៅក្នុងស្ថានការណ៍ដ៏តានតឹងមួយដែលអាចបែងចែកទឹកដីប្រទេសបន្ថែមទៀត ខណៈទើបបានបំបែកខ្លួនចេញពីប្រទេសស៊ូដង់ខាងត្បូង ក្នុងឆ្នាំ២០១១។
បុគ្គលិកសង្គ្រោះពីមុនបានចោទក្រុមយុទ្ធជនមកពី RSF ថាបានលួចប្លន់ជំនួយ ក្នុងអំឡុងសង្គ្រាមជាងពីរឆ្នាំដែលនៅតែតានតឹងក្នុងប្រទេសស៊ូដង់ ហើយពួកគេក៏បានចោទកងទ័ព ថាបានបដិសេធ ឬរារាំងការចូលនៃជំនួយ ទៅកាន់តំបន់ដែលគ្រប់គ្រងដោយ RSF ធ្វើឱ្យភាពអត់ឃ្លាន និងជំងឺកាន់តែអាក្រក់។
សង្រ្គាមដែលផ្ទុះឡើងពីការតស៊ូអំណាចរវាងកងទ័ព និងកងកម្លាំង RSF បានបណ្តាលឱ្យមាននូវអ្វីដែលអង្គការសហប្រជាជាតិហៅថាជាវិបត្តិមនុស្សធម៌ធំបំផុត និងបំផ្លិចបំផ្លាញបំផុតរបស់ពិភពលោក។ ប្រហែលពាក់កណ្តាលនៃប្រជាជនស៊ូដង់ ៥០លាននាក់ រងភាពអត់ឃ្លានធ្ងន់ធ្ងរ ដែលភាគច្រើននៅក្នុងទឹកដីកាន់កាប់ ឬស្ថិតនៅក្រោមការគំរាមកំហែងពីកងកម្លាំង RSF ហើយមនុស្សជាង ១២,៥លាននាក់ បានរត់ភៀសខ្លួន៕