រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានកាលពីថ្ងៃអង្គារ (២៥ មីនា) ថា អ៊ីស្រាអែលនឹងវាយដណ្តើមយកទឹកដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា ដ៏តូចចង្អៀត និងបន្តប្រយុទ្ធរហូតដល់ក្រុមហាម៉ាសត្រូវបានកម្ចាត់ ប្រសិនបើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះនៅតែបន្តបដិសេធមិនដោះលែងចំណាប់ថ្នូរដែលនៅសេសសល់។

ការលើកឡើងនេះបានកើតឡើងនៅពេលក្រុមអ្នកសម្រុះសម្រួលបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងបទឈប់បាញ់របស់តំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លាញដោយសារការបន្តឡើងវិញនៃសង្រ្គាមផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែល នៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យក្នុងការយល់ព្រមលើលក្ខខណ្ឌសម្រាប់ការបន្តបទឈប់បាញ់រយៈពេល ២ខែ។

អ៊ីស្រាអែលនិយាយថា ខ្លួននឹងលែងទទួលយកអភិបាលកិច្ចរបស់ក្រុមហាម៉ាស និងអំណាចយោធានៅហ្កាហ្សាទៀតហើយ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០២៣ របស់ក្រុមសកម្មប្រយុទ្ធ ដែលនាំឱ្យមានសង្រ្គាមដ៏បង្ហូរឈាមនៅដែនដីហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា គោលបំណងនៃយុទ្ធនាការយោធាថ្មីនេះគឺដើម្បីបង្ខំពួកសកម្មប្រយុទ្ធឱ្យដោះលែងចំណាប់ថ្នូរដែលនៅសេសសល់៕