ភ្នំពេញ៖ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៦ មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាគម្រប់ខួប ៥ឆ្នាំ ដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណែស្កូ។ ក្នុងគម្រប់ខួប៥ឆ្នាំនេះសាធារណៈជនចង់ឃើញសិល្បៈទម្រង់បុរាណនេះ ទទួលបានការស្វែងយល់ គាំទ្របន្ថែម ដើម្បីថែរក្សាទម្រង់សិល្បៈបុរាណជាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស។
ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលធ្វើឡើងទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។
នាឱកាសគម្រប់ខួប៥ឆ្នាំនេះ សាធារណជនក៏បង្ហាញការអបអរសាទរ និងលើកឡើងនូវការយល់ឃើញមួយចំនួនថា ពួកគាត់ គឺចង់ឱ្យមានការរៀបចំជាព្រឹត្តិការណ៍ពាក់ព័ន្ធនឹងសីល្បៈតន្រ្តីបុរាណខ្មែរ ទាំងចាប៉ីដងវែង និងទម្រង់ជាច្រើនផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋជាពិសេសយុវជន បានសិក្សាស្វែងយល់ និងចូលរួមថែរក្សា អភិវឌ្ឍន៍ឱ្យបានគង់វង្សនូវអ្វីដែលជាអត្តសញ្ញាណជាតិ។
ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃការអបអរសាទរការដាក់បញ្ចូលចាប៉ីដងវែង ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ ក៏បានបង្ហោះនូវខ្សែវីដេអូ ពីការសម្ដែងចាប៉ីដងវែង ពីសល្បៈករជើងចាស់ និងសិល្បៈករវ័យក្មេងជាច្រើនរូបផងដែរ។
លើសពីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបង្ហោះនូវវីដេអូវែងមួយក្រោមចំណងជើង «រាត្រីចងចាំ ឆ្នាំ២០២១»។ វីដេអូ «រាត្រីចងចាំ ឆ្នាំ២០២១» នេះ ជាវីដេអូផលិតឡើងដើម្បី អបអរសាទរការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌរូបីនៃពិភពលោក និងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពិសេសដើម្បីអបអរសាទរខួប០៣ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌ក៏ បានបញ្ជាក់ដែរថា កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។
ពាក់ព័ន្ធនឹងចាប៉ីដងវែង សព្វថ្ងៃគឺមានសហគមន៍ចាប៉ីអមតៈ ត្រូវបានបង្កើតឡើង ដើម្បីរៀបចំការងារផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយលើទម្រង់ចាប៉ីចម្រៀង។ សហគមន៍ចាប៉ីអមតៈ ក៏បានបង្កើតថ្នាក់សម្រាប់ការបណ្ដុះបណ្ដាលដល់សាធារណជន សិស្ស និស្សិត ដែលមានទីតាំងនៅអង្គការសិល្បៈខ្មែរអមតៈ រាជធានីភ្នំពេញ។ ចាប៉ីដងវែង ត្រូវបានប្រើប្រាស់ក្នុង៤ទម្រង់ផ្សេងៗគ្នា ក្នុងសិល្បៈខ្មែរដូចជា វង់ភ្លេងអារក្ស ភ្លេងការបុរាណ មហោរី និងចម្រៀងទោល៕អត្ថបទ៖ គឹមហុក