ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃពុធ (២៦ មីនា) នេះថា នាវាមុជទឹកនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានធ្វើសមយុទ្ធនៅសមុទ្រជប៉ុន ដោយបានបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅ ដាក់លើគោលដៅក្នុងសមុទ្រ និងឆ្នេរសមុទ្រ។

សារព័ត៌មាន TASS បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីថា "ក្នុងអំឡុងពេលសមយុទ្ធដែលបានគ្រោងទុក នាវាមុជទឹកប្រើម៉ាស៊ូត-អគ្គិសនី អ៊ូហ្វា (Ufa) នៃកងនាវាប៉ាស៊ីហ្វិករុស្ស៊ី បានបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅ កាលីប៊ឺ (Kalibr) នៅគោលដៅសមុទ្រ និងឆ្នេរសមុទ្រ ចេញពីដែនទឹកនៃសមុទ្រជប៉ុន"។

ក្រសួងនិយាយថា គោលដៅសិប្បនិម្មិតត្រូវបានវាយប្រហារចំទាំងអស់ ក្នុងអំឡុងពេលធ្វើសមយុទ្ធ ហើយចម្ងាយបាញ់មានច្រើនជាង ១.០០០គីឡូម៉ែត្រ។ TASS បានរាយការណ៍នៅមុននោះថា នាវាមុជទឹក Ufa ដែលត្រូវចាត់ទុកថាជានាវាមុជទឹកសំឡេងស្ងាត់បំផុតរបស់ពិភពលោក ត្រូវបានដាក់ឱ្យបម្រើការជាមួយកងទ័ពជើងទឹករុស្ស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
នាវាមុជទឹកនេះមានប្រវែង ៧៤ម៉ែត្រ ជាមួយនឹងការផ្លាស់ទីអតិបរមាជាង ៣.៩០០តោន ហើយអាចមុជទៅក្នុងជម្រៅធ្វើការងារ ២៤០ម៉ែត្រ និងជម្រៅអតិបរមា ៣០០ម៉ែត្រ៕