អ្នកនយោបាយនិងអ្នកវិភាគអ៊ីតាលី បាននិយាយនៅក្នុងសន្និសីទនៅទីក្រុងរ៉ូម ថា ការរួបរួមរបស់អឺរ៉ុបមានសារៈសំខាន់ខ្លាំងដើម្បីដោះស្រាយបញ្ហាប្រឈមនានាផ្នែកសេដ្ឋកិច្ច មានចាប់ពីការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងការកើនឡើងបំណុលសាធារណៈ រហូតដល់ការពង្រីកឥទ្ធិពលនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

សន្និសីទនេះ ក្រោមប្រធានបទ «ការគ្រប់គ្រងអឺរ៉ុប និងអ៊ីតាលី ក្នុងយុគសម័យរបស់ លោក Donald Trump» ដែលត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យមួយ និងមានវាគ្មិនឆ្នើមជាច្រើនរូប រួមមានទាំងអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោកMario Monti និងលោកGiuliano Amato រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Giancarlo Giorgetti អនុប្រធានគណៈកម្មការអឺរ៉ុបលោកRaffaele Fitto និងសាស្ត្រាចារ្យសាកលវិទ្យាល័យ LUISS ។

លោក Monti ដែលបានបម្រើជានាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៣ ក្នុងអំឡុងពេលវិបត្តិបំណុលអធិបតេយ្យភាពសកល បាននិយាយថា «អ្វីដែលយើងកំពុងឃើញនាពេលបច្ចុប្បន្ននេះ ពុំមែនជាពេលមួយដែលអឺរ៉ុបបានប្រឈមមុខនឹងបញ្ហាធំនោះទេ។ «ប៉ុន្តែ យើងត្រូវតែធ្វើការរួមគ្នាដើម្បីប្រឈមនឹងបញ្ហាប្រឈមនានា នៅពេលបច្ចុប្បន្ន»។
កាលពីដើមខែនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធ២៥ ភាគរយលើការនាំចូលអាលុយមីញ៉ូម ដែក និងការនាំចូលដែលពាក់ព័ន្ធជាច្រើនទៀត ជាមួយនឹងជុំមួយផ្សេងទៀតដែលនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា ទោះបីជាព័ត៌មានលម្អិតនៅពុំទាន់ច្បាស់នៅឡើយក៏ដោយ។ ក្នុងការឆ្លើយតប សហភាពអឺរ៉ុបដំបូងមានផែនការដំឡើងពន្ធសងសឹក នៅថ្ងៃទី១ ខែមេសា ប៉ុន្តែបានពន្យារពេលយ៉ាងហោចណាស់ពីរសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប ដើម្បីទុកពេលបន្ថែមទៀតសម្រាប់ការចរចា។