តុលាការឧទ្ធរណ៍កូរ៉េខាងត្បូងគ្រោងនឹងសម្រេចនៅថ្ងៃពុធ ២៦ មីនាសប្ដាហ៍នេះ ថាតើមេដឹកនាំបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសនេះគឺលោក Lee Jae-myung បានបំពានច្បាប់បោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីកន្លងទៅរបស់ខ្លួន ឬអត់។

លោក Lee បានប្តឹងឧទ្ធរណ៍ការផ្តន្ទាទោសពីតុលាការក្រុងសេអ៊ូលក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលបានរកឃើញថាលោក Lee មានពិរុទ្ធពីបទរំលោភលើច្បាប់បោះឆ្នោត ដោយបានផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល១ ឆ្នាំ និងផ្អាកប្រឡូកនយោបាយរយៈពេល ២ ឆ្នាំ។
តុលាការបាននិយាយថា លោក Lee បានអះអាងផ្ទុយពីការពិតអំពីគម្រោងអភិវឌ្ឍន៍ដីធ្លីនៅ ទីក្រុងធំបំផុតទី៤ Seongnam នៅពេលលោកធ្វើជាអភិបាលក្រុង អំឡុងពេលសវនកម្មសភាក្នុងឆ្នាំ ២០២១ ខណៈលោកកំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។

លោក Lee មេដឹកនាំបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យដ៏ធំ ត្រូវគេរំពឹងយ៉ាងខ្លាំងថានឹងស្វែងរកការឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៧។
ប្រសិនបើបណ្តឹងឧទ្ធរណ៍របស់លោកបរាជ័យ ហើយទីបំផុតត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ លោក Lee នឹងត្រូវដកហូតកៅអីសភា និងសិទ្ធិរបស់លោកក្នុងការឈរឈ្មោះបោះឆ្នោតណាមួយសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។
លោក Lee ដែលបានចាញ់លោកប្រធានាធិបតី Yoon Suk Yeol ក្នុងការបោះឆ្នោតឆ្នាំ ២០២២ ប្រឈមការកាត់ក្តីយ៉ាងហោចណាស់ ៤ ដង បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌជាច្រើន ករណី រួមទាំងការស៊ីសំណូក និងអំពើពុករលួយ ៕