សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលតែងតែឧបត្ថម្ភគ្រប់យ៉ាង ដល់បងប្អូនកងទ័ពជួរមុខ ការពារព្រំដែន ទាំងគ្រឿងឧបភោគ និងគ្រឿងបរិភោគ រួមទាំងផ្ទះសម្តែង និងដីធ្លីផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិន ដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការ លើកឡើងរបស់ក្រុមប្រឆាំងមួយចំនួននោះទេ ពោលគឺរាជរដ្ឋាភិបាលបានឧបត្ថម្ភគ្រប់យ៉ាងគ្រប់រដូវកាល ទាំងអស់ ពេលរដូវរងារផ្តល់អាវរងារ រដូវភ្លៀងផ្តល់អាវភ្លៀង និងថ្នាំដង្កូវ ហើយមូលហេតុដែលទាហានការពារព្រំដែន ឬទាហានជួរមុខបរិភោគបាយនៅលើដីពីព្រោះតែទាហានទាំងនោះកំពុងដើរត្បាតតាមបន្ទាត់ព្រំដែន ទើបគ្មានតុបាយត្រឹមត្រូវ ដូច្នេះហើយគ្មានទាហានណាកំពុងដើរល្បាតហើយស្ពាយតុ ឬកៅអីទៅតាមនោះទេ។
ក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា យោធិននាពេលបច្ចុប្បន្ន ទាំងអ្នកនៅជួរមុខ នៅតាមក្រវាត់ព្រំដែន ឬនៅតាមអង្គភាពនានានៅទូទាំងប្រទេសគឺមានជីវភាព ល្អប្រសើរ និងសមរម្យ ជាងមុនឆ្ងាយណាស់ ខណៈសព្វថ្ងៃរដ្ឋបានបន្តឧបត្ថម្ភរបបនានាជាច្រើនដល់ពួកគេ និងក្រុមគ្រួសារ៕អត្ថបទ៖ បាន ចក់




