បាល់ទាត់៖ ប្រធានក្រុម Barcelona, Alexia Putellas បានក្លាយជាម្ចាស់ជ័យលាភីកីឡាការិនីបាល់ទាត់ឆ្នើមបំផុតប្រចាំឆ្នាំ Ballon d’Or ក្រោយជួយ Barcelona ឈ្នះពានបាល់ទាត់ស្ត្រី UEFA Champions League។ កីឡាការិនីវ័យ ២៧ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីការប្រកួតដែល Barcelona យកឈ្នះ Chelsea ៤-០ លើកពាន UEFA Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្រ។
Putellas បានបញ្ចប់រដូវកាល ២០២០-២១ កន្លងទៅគឺជាកីឡាការិនីខ្សែបម្រើដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅអឺរ៉ុបសរុប ២៦គ្រាប់គ្រប់ក្របខណ្ឌបាល់ទាត់ស្ត្រី និងបានឈ្នះពាន UEFA Women’s Player of the Year និងខ្សែបម្រើឆ្នើមប្រចាំឆ្នាំផងដែរ។ មិត្តរួមក្រុមរបស់នាងកីឡាការិនី Jennifer Hermoso ទទួលបានសំឡេងគាំទ្រលេខ ២ និងខ្សែប្រយុទ្ធ Chelsea, Sam Kerr លេខ ៣ តាមពីក្រោយដោយខ្សែប្រយុទ្ធ Arsenal, Vivianne Miedema លេខ ៤ និងកីឡាការិនី Chelsea មួយរូបទៀត Pernille Harder លេខ ៥៕
អត្ថបទ៖នាង សុភាវុធ