ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (២៥ មីនា) ថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin ហាក់ដូចជាកំពុង "អូសបន្លាយពេលវេលា" ជុំវិញការបញ្ចប់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ស្របពេលមានភាពមិនច្បាស់លាស់លើលក្ខខណ្ឌនៃបទឈប់បាញ់ថ្មីលើការដឹកជញ្ជូននៅសមុទ្រខ្មៅ។
កាលពីព្រឹកថ្ងៃអង្គារ សេតវិមានបាននិយាយថា ខ្លួនធានាបានកិច្ចព្រមព្រៀងជាមួយទីក្រុងគីវ និងទីក្រុងមូស្គូ ដើម្បីបញ្ឈប់ការវាយប្រហារកំណត់គោលដៅលើនាវានៅក្នុងសមុទ្រខ្មៅ ដោយស្ដារឡើងវិញនូវកិច្ចព្រមព្រៀងមួយដើម្បីការពារផ្លូវដឹកជញ្ជូនសំខាន់ៗ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា បទឈប់បាញ់នឹងត្រូវអនុវត្តភ្លាមៗ ប៉ុន្តែរុស្ស៊ីនិយាយថា កិច្ចព្រមព្រៀងនោះនឹងចូលជាធរមាននៅពេលលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ រួមទាំងការដកទណ្ឌកម្មមួយចំនួន។ លោក Zelensky បានហៅលក្ខខណ្ឌនេះថាជាឧទាហរណ៍ចុងក្រោយបំផុតនៃយុទ្ធសាស្ត្រ "ឧបាយកល" របស់លោក Putin។
កាលពីយប់ថ្ងៃអង្គារ លោក Trump បានថ្លែងថា លោកជឿថា រុស្ស៊ីចង់បញ្ចប់សង្រ្គាម ប៉ុន្តែកំពុងស្ទាក់ស្ទើរក្នុងគ្រាដ៏សំខាន់ ដោយលើកឡើងថា "ពួកគេកំពុងអូសបន្លាយពេលវេលា" ដើម្បីពិចារណាឱ្យបានហ្មត់ចត់៕

