អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានប្រារព្ធទិវាសាមគ្គីភាពអន្តរជាតិជាមួយសមាជិកបុគ្គលិកដែលត្រូវបានឃុំខ្លួន និងបាត់ខ្លួន ដោយបុគ្គលិកចំនួន១០១នាក់ត្រូវបានឃុំខ្លួន ឬចាប់ខ្លួន កាលពីឆ្នាំមុន។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់សមាជិកចំនួន៥២នាក់កំពុងស្ថិតក្នុងការឃុំខ្លួននៅទូទាំងពិភពលោក ហើយ២៣នាក់ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេឃុំខ្លួនតាមតែអំពើចិត្ត នៅក្នុងប្រទេសយេម៉ែន។
លោក Dujarric និយាយថា លោកអគ្គលេខាធិការនិយាយថា យើងឈរនៅជាមួយអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ខណៈយើងអំពាវនាវឱ្យមានការដោះលែងពួកគេជាបន្ទាន់ និងវិលត្រឡប់មកវិញដោយសុវត្ថិភាព។
លោក បានជំរុញឱ្យរដ្ឋាភិបាលនានា ធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិកអង្គការសហប្រជាជាតិ និងបន្តស្វែងរកការទទួលខុសត្រូវ និងយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មទាំងនេះ ខណៈពង្រឹងការគាំទ្រ និងការការពារ។