ក្រុមគណៈកម្មការចៅក្រមចំនួនប្រាំរូប មកពីតុលាការកំពូលរបស់ប្រទេសប្រេស៊ីល បានចាប់ផ្តើមការពិភាក្សា កាលពីថ្ងៃអង្គារ ដើម្បីកំណត់ថាតើអតីតប្រធានាធិបតី លោក Jair Bolsonaro និងជំនួយការជិតស្និទ្ធបំផុតរបស់លោក នឹងត្រូវជម្រះក្តីយ៉ាងណាសម្រាប់ការចោទប្រកាន់ថា បានប៉ុនប៉ងធ្វើរដ្ឋប្រហារ បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២២ របស់លោក។
ចៅក្រម ត្រូវគេរំពឹងថានឹងសម្រេចនៅថ្ងៃពុធ ទី២៦ មីនានេះ ថាតើត្រូវបើកសវនាការដាក់ការចោទប្រកាន់លើបណ្តឹងកាលពីខែមុនលើអតីតមេដឹកនាំរូបនេះ ដែលចោទប្រកាន់ពីបទសមគំនិតក្នុងការផ្ដួលរំលំរដ្ឋាភិបាល។
ការចេញសេចក្តីសម្រេចលើការចោទប្រកាន់នៅសប្តាហ៍នេះ ប្រសិនបើវាកើតឡើង វានឹងបង្ហាញពីល្បឿនខុសពីធម្មតាសម្រាប់តុលាការដែលត្រូវបានគេដឹងជាយូរមកហើយថាបានចំណាយពេលច្រើនឆ្នាំដើម្បីសម្រេចរឿងក្តីសំខាន់ៗ។ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងអ្នកនយោបាយរាប់សិបនាក់ រយៈពេលជាងមួយទស្សវត្សរ៍កន្លងទៅនេះ បានចំណាយពេលជាច្រើនខែសម្រាប់តុលាការកំពូល ដើម្បីទទួលយកការចោទប្រកាន់ បន្ទាប់ពីត្រូវបានបង្ហាញ។
មេធាវីតំណាងឱ្យលោក Bolsonaro បាននិយាយថា លោកមិនដែលគាំទ្រចលនាណាមួយដែលមានបំណងរុះរើនីតិរដ្ឋលិទ្ធិប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល ឬរបស់ស្ថាប័ននោះទេ ហើយលោកBolsonaro ខ្លួនឯង បានបដិសេធរាល់ការប្រព្រឹត្តខុសណាមួយ និងបានចាត់ទុកករណីនេះថាមានហេតុផលនយោបាយ។