ជាការឆ្លើយតបទៅនឹងសំណួរដែលសេវាចារកម្មសន្តិសុខកាណាដា បានអះអាងថា បណ្តាប្រទេស ដូចជាចិន និងឥណ្ឌា អាចស្វែងរកការជ្រៀតជ្រែកក្នុងការបោះឆ្នោតកាណាដាដែលនឹងកើតមាននៅថ្ងៃទី២៨ ខែមេសា ហើយប្រទេសចិនទំនងជាប្រើឧបករណ៍ដែលអាចឲ្យបញ្ញាសិប្បនិម្មិត (AI) ជ្រៀតជ្រែកបាននោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយកាលពីថ្ងៃអង្គារ (ទី២៥ ខែមីនា) ថា ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងមិនដែលធ្វើបែបនេះឡើយ ហើយមិនចាប់អារម្មណ៍ចូលទៅប៉ះពាល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកាណាដានោះដែរ។
គួរបញ្ជាក់ថា សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសចិន និងឥណ្ឌាទំនងជាព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតសកល នៅកាណាដា នាថ្ងៃទី២៨ ខែមេសា។
លោកស្រី Vanessa Lloyd អនុប្រធានប្រតិបត្តិការនៅទីភ្នាក់ងារចារកម្មសន្តិសុខកាណាដា បានអះអាងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រទេសចិនទំនងជានឹងប្រើប្រាស់ឧបករណ៍ដែលអាចដំណើរការ AI ដើម្បីព្យាយាមជ្រៀតជ្រែកក្នុងដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកាណាដា ក្នុងការបោះឆ្នោតបច្ចុប្បន្ន»។
យ៉ាងណាក្ដី កាលពីថ្ងៃអង្គារនោះ អ្នកនាំពាក្យ លោក Guo បានបញ្ជាក់ថា ប្រទេសចិនមិនដែលធ្វើ ហើយមិនចាប់អារម្មណ៍ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាណាដានោះឡើយ៕