រូបភាពវីដេអូឃ្លីបដែលបានចែកចាយកាលពីថ្ងៃអង្ការ ឃើញអគ្គសេនាធិការកងទ័ពអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Mohammad Bagheri និងលោក Amir Ali Hajizadeh ដែលជាមេបញ្ជាការកងទ័ពអាកាស IRGC បានបំពេញទស្សនកិច្ចទៅកាន់ទីតាំងមួយដែលសារព័ត៌មានអ៊ីរ៉ង់រាយការណ៍ថា គឺជាទីក្រុងមីស៊ីលក្រោមដី ។
មន្រ្តីយោធាជាន់ខ្ពស់ ២រូបរបស់អ៊ីរ៉ង់នេះ បានឡើងជិះរថយន្តដែលធ្វើដំណើរទៅកាន់ទីក្រុងមីស៊ីលក្រោមដី ដោយឆ្លងកាត់រថយន្តចតជាជួរដឹកមីស៊ីលបាលីស្ទីកជាច្រើនប្រភេទ ។
ទង់ជាតិអ៊ីរ៉ង់ និង Logoកងទ័ពអាកាស IRGC ត្រូវបានបង្ហាញនៅលើរថយន្តមុខគេនៅក្នុងក្បួនរថយន្តដែលដឹកកាំជ្រួចផ្លោង ។
នៅក្នុងចំណោមកាំជ្រួចផ្លោងអ៊ីរ៉ង់ទាំងអស់នេះ គឺជាមីស៊ីល Kheybar Shekan-1 ដែលមានសមត្ថភាពយកឈ្នះប្រព័ន្ធមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ខណៈមីស៊ីល Kheybar Shekan-2 ត្រូវបានផលិតឡើងដើម្បីគេចចេញពីប្រព័ន្ធប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិកមួយនេះ ។
លោក Hajizadeh និយាយនៅក្នុងបទសម្ភាសន៍ថា បើសិនជាពួកយើងចាប់ផ្តើមនៅថ្ងៃនេះ ពួកយើងនឹងបង្ហាញទីក្រុងមីស៊ីលក្រោមដីថ្មីជារៀងរាល់សប្តាហ៍ ហើយគម្រោងនេះនឹងបន្តសម្រាប់រយៈពេល ២ឆ្នាំក្រោយ ៕