លោក Donald Trump បានឈរនៅចំពោះមុខលោក Mike Waltz ដោយនិយាយថា ទីប្រឹក្សាសន្តិសុខជាតិរូបនេះ នឹងមិនត្រូវបានដកចេញនោះទេ បន្ទាប់ពីរបាយការណ៍មួយ បានឲ្យដឹងថា លោកនិងមន្រ្តីផ្សេងទៀត បានច្រឡំផ្ញើសារអំពីផែនការសម្ងាត់ ពាក់ព័ន្ធនឹងការវាយប្រហារយោធានៅក្នុងប្រទេសយេម៉ែនទៅអ្នកសារព័ត៌មាន។
នៅក្នុងអត្ថបទមួយកាលពីថ្ងៃចន្ទ (ទី២៤ ខែមីនា) លោក Jeffrey Goldberg និពន្ធនាយករបស់សារព័ត៌មាន The Atlantic បានប្រាប់ថា មន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី Trump រួមទាំងលោក Waltz ផង បានបញ្ចូលរូបលោកទៅក្នុងក្រុមជជែកគ្នា នៅលើកម្មវិធី Signal។ ការជជែកគ្នា ពិភាក្សាលម្អិតអំពីផែនការវាយប្រហាររបស់សហរដ្ឋអាមេរិក លើគោលដៅរបស់ក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន ពោលគឺប៉ុន្មានម៉ោងមុនពេលការវាយប្រហារបានកើតឡើង។
យ៉ាងណាក្ដី កាលពីថ្ងៃអង្គារ (ទី២៥ ខែមីនា) លោកប្រធានាធិបតី Trump បាននិយាយថា ឧប្បត្តិហេតុនេះ គឺជា «កំហុសឆ្គង» ដោយបន្ថែមថា មិនមាន «អ្វីសំខាន់» នៅក្នុងសារនោះទេ។
នៅក្នុងអត្ថបទរបស់លោក លោក Goldberg បានឲ្យដឹងថា រូបលោកបានទទួលសំណើតំណភ្ជាប់នៅលើកម្មវិធី Signal កាលពីថ្ងៃទី១១ ខែមីនាពីអ្នកប្រើប្រាស់ដែលត្រូវបានកំណត់ថា ឈ្មោះ «Mike Waltz»។ ២ថ្ងៃក្រោយមក លោកបាននិយាយថា រូបត្រូវបានបញ្ចូលទៅក្នុងក្រុមជជែកគ្នាដែលត្រូវបានឲ្យឈ្មោះថា «ក្រុមតូច Houthi PC»។
ហើយបើយោងតាមលោក Goldberg ដដែល បានឲ្យដឹងបន្ថែមថា មន្ត្រីជាន់ខ្ពស់របស់លោក Trump ក្នុងនោះរួមមានទាំងអនុប្រធានាធិបតី លោក JD Vance រដ្ឋមន្ត្រីការបរទេស លោក Marco Rubio នាយកទីភ្នាក់ងារចារកម្មជាតិ លោកស្រី Tulsi Gabbard និងនាយក CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាល) លោក John Ratcliffe ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបញ្ចូលទៅក្នុងក្រុមជជែកគ្នានេះដែរ៕