ប្រមុខនាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុ បាននិយាយថា វៀតណាម នឹងកាត់បន្ថយពន្ធលើផលិតផលអាមេរិកមួយចំនួន ក្នុងនោះរួមមានទាំង LNG (ឧស្ម័នធម្មជាតិរាវ) និងរថយន្តផងដែរ ខណៈដែលប្រទេសនេះព្យាយាមបញ្ចៀសកុំឲ្យរងផលប៉ះពាល់ពីវិធានការដំឡើងពន្ធរបស់អាមេរិក ដោយសារតែអតិរេកពាណិជ្ជកម្មទ្វេភាគីដ៏ធំរបស់ខ្លួន។
ប្រទេសដែលជាមជ្ឈមណ្ឌលឧស្សាហកម្មរបស់អាស៊ីអាគ្នេយ៍មួយនេះ បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលមានទំហំលើសពី ១២៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ចេញនូវគោលនយោបាយដំឡើងពន្ធយ៉ាងទូលំទូលាយលើដៃគូពាណិជ្ជកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះលើវេបសាយរបស់ក្រសួង កាលពីយប់ថ្ងៃអង្គារ (ទី២៥ ខែមីនា) លោក Nguyen Quoc Hung បានឲ្យដឹងថា ក្នុងចំណោមការកាត់បន្ថយពន្ធលើការនាំចូលផ្សេងៗ ពន្ធលើ LNG របស់អាមេរិក នឹងត្រូវកាត់បន្ថយពី ៥ភាគរយ មកត្រឹម ២ភាគរយ លើរថយន្តមកត្រឹម ៣២ភាគរយ ដោយបន្ថយពីកម្រិតចន្លោះពី ៤៥ភាគរយ ទៅ ៦៤ភាគរយ និងលើសារធាតុអេតាណុលពី ១០ភាគរយ មកត្រឹម ៥ភាគរយ។
លោក Hung បាននិយាយថា ការកាត់បន្ថយកម្រិតពន្ធនេះ មានគោលបំណង «ធ្វើឲ្យប្រសើរឡើងនូវសមតុល្យពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មរបស់វៀតណាម» ដោយបន្ថែមថា ខណៈដែលសហរដ្ឋអាមេរិក និងវៀតណាម មានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំង២ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ៕