វិមានក្រឹមឡាំង និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ទីក្រុងម៉ូស្គូយល់ព្រមធានាសុវត្ថិភាពការធ្វើនាវាចរណ៍នៅក្នុងសមុទ្រខ្មៅ ដើម្បីដកចេញទណ្ឌកម្មលោកខាងលិចលើក្រុមហ៊ុនពាក់ព័ន្ធនឹងការនាំចេញស្បៀងអាហារ និងជីកសិកម្មរុស្ស៊ី ។
ពួកគេបន្តថា រុស្ស៊ី និងសហរដ្ឋអាមេរិក បានឯកភាពគ្នាផងដែរ ដើម្បីបង្កើតវិធានការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី និងអ៊ុយក្រែន សម្រាប់រយៈពេល ៣០ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃទី ១៨ ខែមីនា ។
វិមានក្រឹមឡាំង បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកយល់ព្រមជួយស្តាឡើងវិញការចូលដល់ទីផ្សារពិភពលោករបស់រស្ស៊ី សម្រាប់ការនាំចេញផលិតផលកសិកម្ម និងជីកសិកម្ម ប៉ុន្តែពួកគេបានគូសបញ្ជាក់ពីលក្ខខណ្ឌមួយចំនួនទៀត ។
វិមានក្រឹមឡាំងនិយាយថា ការអនុវត្តផ្នែកទាំង ២នៃកិច្ចព្រមព្រៀងនឹងតម្រូវឲ្យដកចេញទណ្ឌកម្មរបស់លោកខាងលិចលើធនាគាររុស្ស៊ី Rosselkhozbank ដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនកសិកម្ម ហើយការចូលដល់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ SWIFT របស់ធនាគារមួយនេះ ត្រូវគេត្រូវស្តាឡើងវិញ ។
ពួកគេនិយាយទៀតថា ទណ្ឌកម្មលើក្រុមហ៊ុននាំចេញស្បៀងអាហារ និងជីកសិកម្មរុស្ស៊ី ក្រុមហ៊ុនធានារ៉ាប់រង សេវាកម្មដឹកជញ្ជូនស្បៀងអាហារ និងជីកសិកម្ម ការរឹតត្បិតលើនាវា និងប្រតិបត្តិការហិរញ្ញវត្ថុពាណិជ្ជកម្ម នឹងត្រូវដកចេញដូចគ្នា ៕