ការតវ៉ាប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយនិស្សិតដ៏ធំ បានរីករាលដាលពីប្រទេសស៊ែប៊ី ទៅកាន់ប្រទេសជិតខាង នៅតំបន់បាល់កង់ ដោយមានការប្រមូលផ្តុំគ្នារាប់ពាន់នាក់ ក្រោមពាក្យស្លោកថា «សម្លាប់អំពើពុករលួយ(Corruption kills)» បន្ទាប់ពីសោកនាដកម្មដ៏សាហាវ ដែលបានសម្លាប់មនុស្សរាប់សិប នាក់។
យុវជនបានប្រើការប្រមូលផ្តុំគ្នា ដើម្បីបញ្ចេញកំហិងរបស់ពួកគេ នៅក្នុងតំបន់មួយនៃទ្វីបអឺរ៉ុប ដែលក្រុមសិទ្ធិមនុស្ស និយាយថា បានរងទុក្ខពីអំពើពុករលួយដ៏រ៉ាំរ៉ៃ ដែលជំរុញឲ្យយុវជនរាប់សែននាក់ ភាគច្រើនចុះទៅតាមផ្លូវនានា ក្នុងប្រទេសស៊ែប៊ី ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរ។
រលកនៃបាតុកម្មក្នុងទំហំមួយ ដែលមិនធ្លាប់បានឃើញ នៅក្នុងប្រទេសស៊ែប៊ី ចាប់តាំងពីទសវត្សរ៍ ឆ្នាំ ១៩៩០ បានចាប់ផ្តើម បន្ទាប់ពីការជួសជុលនាថ្មីៗនេះនូវដំបូលស្ថានីយរថភ្លើង បានបាក់ស្រុត កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំមុន នៅទីក្រុង Novi Sad ភាគខាងជើង ដោយបានបណ្តាលឲ្យមនុស្ស ១៦នាក់ ស្លាប់។
ដោយមានមនុស្សជាច្រើន បានស្តីបន្ទោសការស្លាប់ទៅលើអំពើពុករលួយ និងការត្រួតពិនិត្យមិនគ្រប់គ្រាន់ សោកនាដកម្មនេះ បានជំរុញឲ្យមានកំហឹង នៅទូទាំងប្រទេសស៊ែប៊ី ហើយបានជំរុញឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង បន្ទាប់ពីមានការតវ៉ា។
បន្ទាប់ពីគំរូស៊ែប៊ី យុវជនបានរៀបចំការប្រមូលផ្តុំប្រឆាំងអំពើពុករលួយស្រដៀងគ្នានេះ នៅប្រទេសម៉ាសេដូនីខាងជើង និងម៉ុងតេណេហ្គ្រោ ខណៈក្រុមបាតុករក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប គឺប៊ុលហ្គារី បានផ្តល់សាមគ្គីភាព ជាមួយប្រទេសជិតខាង នៅតំបន់បាល់កង់។