ប្រភពពីក្រសួងការបរទេសទួរគី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសនេះ និងសហរដ្ឋអាមេរិក ចង់ដកចេញនូវឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ បន្ទាប់ពីកិច្ចពិភាក្សារវាងប្រមុខការទូតរបស់សម្ព័ន្ធមិត្តណាតូ នៅទីក្រុងវ៉ាស៊ីនតោន។
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោក ត្រូវបានគេរំពឹងថា នឹងស្នើឲ្យលោករដ្ឋមន្ត្រីការបរទេស Marco Rubio និងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត ដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទួរគី និងអនុញ្ញាតឲ្យប្រទេសនេះ ចូលរួមក្នុងកម្មវិធីយន្តហោះចម្បាំងដ៏សំខាន់មួយ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើង នៅពេលដែលទីក្រុងអង់ការ៉ា ស្វែងរកទំនាក់ទំនងកាន់តែកក់ក្តៅ ជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) ហើយប៉ុន្មានថ្ងៃបន្ទាប់ពីសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និង ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) ដែលជំនួយការជាន់ខ្ពស់របស់លោក ត្រាំ បានពិពណ៌នាថា ជា«ការផ្លាស់ប្តូរមួយ» ។
ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតទួរគី ក៏កើតឡើង ក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់លោក អឺដូហ្កាន់ បន្ទាប់ពីគូប្រជែងនយោបាយដ៏សំខាន់របស់លោក និងជាអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ត្រូវបានជាប់ពន្ធនាគាររង់ចាំការជំនុំជម្រះក្តី កាលពីថ្ងៃអាទិត្យ ដែលបង្កឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសទួរគី បានរសាត់ឆ្ងាយពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាដែលមានរយៈពេលយូរទាំងពីរនេះ បានរីក កាន់តែធំឡើង។