ដោយសារប្រទេសស៊ីរី កំពុងប្រឈមនឹងផលវិបាកនៃសង្គ្រាមស៊ីវិលរយៈពេល ១៤ឆ្នាំ ក្រុមមេដឹកនាំអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយឲ្យបានលឿន និងទូលំទូលាយ» នៃទណ្ឌកម្មលើប្រទេសនេះ ខណៈដែលពួកគេ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីគាំទ្រការផ្លាស់ប្តូរនយោបាយដ៏ផុយស្រួយ និងដោះស្រាយវិបត្តិមនុស្សធម៌ ដែលកំពុងកើន ឡើង។
លោក Geir Pedersen បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី បាននិយាយថា៖«យើងត្រូវមើលឃើញការបន្ធូរបន្ថយទណ្ឌកម្មឲ្យបានឆាប់រហ័ស និងទូលំទូលាយ ដោយមានការព្យួរគោលដៅពាក់ព័ន្ធ និងវិស័យនានា ក្នុងនោះមានថាមពល ការវិនិយោគ ហិរញ្ញវត្ថុ សុខភាព និងការអប់រំ»។
«វិធានការមួយចំនួន ត្រូវបានចាត់ឡើង ប៉ុន្តែត្រូវការច្រើនជាងនេះ ប្រសិនបើប្រជាជនស៊ីរី ត្រូវបាន ផ្តល់ឱកាសឲ្យងើបឡើងវិញ ហើយពិតជាចាំបាច់ណាស់ ដែលបណ្តារដ្ឋដាក់ទណ្ឌកម្ម ពិចារណាលើការ រឹតបន្តឹងសំខាន់ៗ ដែលនៅតែកើតមាន និងរារាំងការឆ្លើយតប»។
លោក Pedersen បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាអំពី «បញ្ហាប្រឈមធំៗមួយចំនួន» ដែលប្រទេសនេះ កំពុងជួបប្រទះ រយៈពេល ៤ខែ បន្ទាប់ពី របបលោកអាសាដ ត្រូវបានផ្តួលរំលំ។