អាជ្ញាធរលីប៊ី បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានដោះលែងជនអន្តោប្រវេសន៍ចំនួន ៨២នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយក្រុមឧក្រិដ្ឋជន ដើម្បីទាមទារប្រាក់លោះ។
នគរបាលស្រុក Jufra បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនអន្តោប្រវេសន៍ ត្រូវបានគេធ្វើទារុណកម្ម និងចាប់រំលោភ ដើម្បីបង្ខំគ្រួសាររបស់ពួកគេ ឲ្យបង់ប្រាក់រាប់ពាន់ដុល្លារសម្រាប់ការដោះលែងពួកគេ។
ការិយាល័យអគ្គមេធាវីរបស់ប្រទេសលីប៊ី បាននិយាយថា សមាជិក ៤នាក់នៃក្រុមឧក្រិដ្ឋជន ត្រូវបានចាប់ខ្លួន នៅកណ្តាលទីក្រុង Zillah មានចម្ងាយប្រហែល ៧៥០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីទីប៉ូលី ( Tripoli) ជាកន្លែងដែលជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបានឃុំខ្លួន។
អាជ្ញាធរ បានអះអាងថា ម្នាក់ក្នុងចំណោមជនសង្ស័យ ដែលត្រូវបានចាប់ខ្លួន បានសារភាពថា ជនអន្តោប្រវេសន៍ចំនួន ១០នាក់ ត្រូវបានធ្វើទារុណកម្មរហូតដល់ស្លាប់ នៅក្នុងការជាប់ឃុំឃាំង ហើយប្រាក់លោះរហូតដល់ ១0.០០០ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ ត្រូវបានទាមទារ។
កាលពីខែមុន នគរបាលស្រុក Jufra បានរាយការណ៍ពីការចាប់ខ្លួនក្រុមរត់ពន្ធជនអន្តោប្រវេសន៍ នៅទីក្រុង Zillah ដោយចោទប្រកាន់ថា បានសម្លាប់ជនអន្តោប្រវេសន៍ និងកប់សាកសពរបស់ពួកគេ នៅវាលខ្សាច់ ក៏ដូចជាការចាប់ពង្រត់ ការបង្អត់អាហារ ការចាប់រំលោភ និងលក់ជនអន្តោប្រវេសន៍។