នាវាដឹកប្រេងរុស្ស៊ី ចាប់ផ្តើមដាក់ចុះប្រេងឆៅទម្ងន់ប្រហែល ១០ម៉ឺនតោននៅកំពង់ផែ Baniyas ស្ថិតតាមតំបន់ឆ្នេរប្រទេសស៊ីរី កាលពីថ្ងៃអង្គារ មុនពេលផ្ទេរវាទៅកាន់សឺទែនចម្រាញ់ប្រេង ។
លោក Ali Abdallah គឺជាវិស្វករស៊ីរីបម្រើការនៅស្ថានីយចម្រាញ់ប្រេង Baniyas និយាយថា នាវាដឹកប្រេងនេះ គឺជានាវាដឹកប្រេងមកដល់ដំបូងគេនៅស៊ីរី ចាប់តាំងពីការដួលរលំទៅរបស់លោកប្រធានាធិបតី Bashar al-Assad ។
លោក Abdallah បន្តថា ពេលវេលាសម្រាប់ការដាក់ចុះប្រេងនេះ មានប្រហែល ៦០-៧០ម៉ោង ក្នុងនោះការផ្គត់ផ្គង់ប្រេងបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ។
យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលស៊ីរី និងទូរទស្សន៍ក្នុងស្រុក បានឲ្យដឹងថា នាវាដឹកប្រេង ២គ្រឿងដែលរងទណ្ឌកម្មសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ប្រទេសស៊ីរី ក្រោយទីក្រុងម៉ូស្គូធ្វើការចែកចាយប្រេងម៉ាស៊ូតលើកដំបូងរបស់ខ្លួនទៅកាន់ទីនោះ ក្នុងរយៈពេលជាង ១ទសវត្សរ៍ ។
នាវាទី ១បានធ្វើដំណើរមកដល់កាលពីថ្ងៃទី ២០ ខែមីនា ហើយនាវាទី ២បានធ្វើដំណើរមកដល់កាលពីថ្ងៃទី ២៥ ខែមីនាម្សិលមិញ ដោយមានផ្ទុកប្រេងទម្ងន់ ១០ម៉ឺនតោនដូចគ្នា ។
បច្ចុប្បន្នស៊ីរីពិបាកស្វែងរកការជំនួសប្រេងអ៊ីរ៉ង់សម្រាប់ការចម្រាញ់ប្រេងរបស់ខ្លួន ពេលដែលពួកគេដុនដាបរួចទៅហើយសម្រាប់ទិន្នផលប្រេងខ្លួនឯង ។
រោងចក្រចម្រាញ់ប្រេង Baniyas ដែលជារោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ស៊ីរី បានផ្អាកប្រតិបត្តិការរបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០២៤ ស្របពេលជួបកង្វះខាតប្រេង បន្ទាប់ពីការផ្អាកការផ្គត់ផ្គង់ប្រេងអ៊ីរ៉ង់ ៕