យោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ NHK បានឲ្យដឹងថា ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅខេត្ត Ehime ប្រទេសជប៉ុននៅថ្ងៃពុធនេះ បានឈានចូលដល់ថ្ងៃទី ៤ជាប់ៗគ្នាហើយ ដោយឆាបឆេះផ្ទៃដីប្រមាណ ៣០៦ហិចតា និងបង្កឲ្យមានការបញ្ជាជម្លៀសខ្លួនមនុស្សរាប់ពាន់នាក់ ។
ទូរទស្សន៍ NHK រាយការណ៍ថា អ្នកស្រុកជិត ៦ពាន់នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួននៅទីក្រុង Imabari ដោយសារភ្លើងឆេះព្រៃ ដែលបានបំផ្លិចបំផ្លាញអគារជាច្រើនខ្នង ចាប់តាំងពីថ្ងៃអាទិត្យរហូតមក ធ្វើឲ្យអាក់ខានការធ្វើចរាចរណ៍ និងបិទផ្លូវហាយវ៉េ នៅក្នុងខេត្ត Ehime ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានគេមើលឃើញកំពុងព្យាយាមគ្រប់គ្រងអណ្តាតភ្លើង ដែលគ្មានសញ្ញាណាមួយនៃការគ្រប់គ្រងបានឡើយ ។ ឧទ្ធម្ភាគចក្រ ត្រូវបានគេមើលឃើញផងដែរ កំពុងទម្លាក់ទឹកពីលើអាកាស ដើម្បីពន្លត់ភ្លើងឆេះព្រៃ ។
NHK រាយការណ៍ទៀតថា ភ្លើងឆេះព្រៃដាច់ដោយឡែកមួយទៀត ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃអាទិត្យ នៅខេត្ត Okayama ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បានបំផ្លិចបំផ្លាញផ្ទៃដី ៤២៣ហិចតា និងបានបញ្ជាឲ្យអ្នកស្រុក ២ពាន់នាក់ជម្លៀសខ្លួន ។ អគារ ៦ខ្នង រងការបំផ្លិចបំផ្លាញ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេនៅក្នុងខេត្តមួយនេះ ។
ដោយឡែក កាលពីថ្ងៃអង្គារម្សិលមិញ ភ្លើងឆេះព្រៃមួយផ្សេងទៀត បានចាប់ផ្តើមឆាបឆេះផងដែរនៅខេត្ត Miyazaki ដោយបានបំផ្លិចបំផ្លាញផ្ទៃដី ៥០ហិចតា និងបង្ខំឲ្យមនុស្ស ៧០គ្រួសារ ជម្លៀសខ្លួន ៕