អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជំរុញប្រជាជនអាមេរិកកាន់តែច្រើនឱ្យចាក់វ៉ាក់សាំងបង្ការ រួមទាំងការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដែលលោកបានស្វែងរកវិធីដើម្បីបំបាត់ក្តីបារម្ភជុំវិញវីរុសបម្លែងខ្លួនថ្មី Omicron។ លោកប្រធានាធិបតីបានចាត់ទុកវីរុសបម្លែងខ្លួនថ្មីនេះថា ជាបុព្វហេតុសម្រាប់ការព្រួយបារម្ភ ប៉ុន្តែមិនមែនជាមូលហេតុសម្រាប់ការភ័យស្លន់ស្លោនោះទេ។
លោក Biden បាននិយាយថា មិនយូរមិនឆាប់នោះទេ យើងនឹងឃើញមានករណីវីរុសបម្លែងខ្លួនថ្មីនេះនៅទីនេះ ក្នុងសហរដ្ឋអាមេរិក។ យើងនឹងត្រូវប្រឈមមុខទៅនឹងការគំរាមកំហែងថ្មីនេះ ដូចដែលយើងបានប្រឈមមុខនឹងការគំរាមកំហែង ដែលបានកើតឡើងមុនៗ។ វីរុសបម្លែងខ្លួនថ្មីនេះបានបង្ហាញការសាកល្បងថ្មី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Biden ដើម្បីទប់ស្កាត់ជំងឺរាតត្បាត កាត់បន្ថយផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ច និងផ្ដល់ភាពប្រក្រតីឡើងវិញដល់សហរដ្ឋអាមេរិកក្នុងរដូវវិស្សមកាល។
លោក Biden បាននិយាយកាលពីថ្ងៃចន្ទអំពីភាពបន្ទាន់ នៃការចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ដើម្បីការពារវីរុសប្រភេទផ្សេងៗជាពិសេស ខណៈប្រជាជនអាមេរិកប្រមាណ 80លាននាក់ដែលមានអាយុចាប់ពី 5ឆ្នាំឡើងទៅនៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ លោក Biden មិនបានប្រកាសពីការរឹតបន្តឹងទាក់ទងទៅនឹងវីរុសបម្លែងខ្លួនថ្មីនោះទេ ប៉ុន្តែមានវិធានការកាលពីសប្ដាហ៍មុន ដើម្បីរឹតបន្តឹងការធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួន ៧ ផ្សេងទៀតនៅក្នុងតំបន់នោះដែលបានចូលជាធរមានកាលពីថ្ងៃចន្ទ៕
អត្ថបទ៖ ប៊ុនថន