រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសដាណឺម៉ាក នៅថ្ងៃពុធ (ទី២៦ ខែមីនា) បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរមិនធ្វើតាមការគ្រោងទុកនូវដំណើរទស្សនកិច្ចទៅកាន់ដែនដី Greenland ជាអ្វីដែលបានបង្កឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកការទូត រវាងទីក្រុង Copenhagen និងសេតវិមាន ចំពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump ចាប់អារម្មណ៍ចង់គ្រប់គ្រងកោះនេះ។
នាយករដ្ឋមន្ត្រីដាណឺម៉ាក បាននិយាយនៅថ្ងៃទី២៦ ខែមីនានេះថា ការធ្វើដំណើរដែលបានគ្រោងទុករបស់លោកស្រី Usha Vance ភរិយារបស់អនុប្រធានាធិបតីអាមេរិក លោក J.D. Vance ទៅចូលរួមកម្មវិធីប្រណាំងរទេះសុនខដ៏ពេញនិយម នៅលើកោះ Greenland គឺជាផ្នែកនៃ «ការដាក់សម្ពាធដែលមិនអាចទទួលយកបាន» លើដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាកនេះ។
កាលពីថ្ងៃទី២៥ ខែមីនា សេតវិមានបានប្រកាសថា គណៈប្រតិភូនឹងត្រូវដឹកនាំដោយលោក J.D. Vance ផ្ទាល់ ប៉ុន្តែថា វានឹងគ្រាន់តែជាការទៅទស្សនកិច្ចនៅមូលដ្ឋានអវកាសអាមេរិក ក្នុងតំបន់ Pituffik នៅភាគខាងជើងដែនដី Greenland ប៉ុណ្ណោះ ហើយមិនមែនជាការទៅចូលរួមកម្មវិធីប្រណាំងរទេះសុនខនោះឡើយ។
រដ្ឋមន្ត្រីការបរទេស លោក Lars Lokke Rasmussen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ DR ថា៖ «ខ្ញុំគិតថា វាគឺជារឿងល្អប្រសើរខ្លាំងណាស់ដែលជនជាតិអាមេរិក បានលុបចោលដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់សង្គម Greenland។ ហើយជំនួសមកវិញ ពួកគេទៅមើលមូលដ្ឋានរបស់ខ្លួន នៅតំបន់ Pituffik ដូច្នេះ ពួកយើងមិនមានអ្វីត្រូវជំទាស់នឹងការធ្វើដំណើរនោះទេ»៕