ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន Reuters ថា យ៉ាងហោចណាស់ទាហាននីហ្សេរីយ៉ា ៤នាក់ ត្រូវបានសម្លាប់ នៅពេលដែលយុទ្ធជនដែលត្រូវបានសង្ស័យថា ជាសមាជិកក្រុមឥស្លាមនិយម បានបើកការវាយប្រហារក្នុងពេលតែមួយ លើមូលដ្ឋានយោធាចំនួន ២ នៅភាគឦសានរដ្ឋ Borno។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម Boko Haram និងយុទ្ធជនរបស់រដ្ឋឥស្លាមនៅអាហ្វ្រិកខាងលិច (ISWAP) បានប្រតិបត្តិការជាចម្បង នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ដោយវាយប្រហារលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល ដែលនាំឲ្យមានការស្លាប់ និងជនភៀសខ្លួនរាប់ម៉ឺននាក់។
នៅក្នុងហេតុការណ៍វាយប្រហារចុងក្រោយនេះ ក្រុមបះបោរ Boko Haram និងយុទ្ធជន ISWAP បានវាយប្រហារមូលដ្ឋានទ័ពមួយ ក្នុងតំបន់ Wajiroko នៃរដ្ឋ Borno នៅវេលាម៉ោងប្រហែល ២១ ម៉ោងសកល កាលពីថ្ងៃចន្ទ (ទី២៤ ខែមីនា) ហើយបានដុតបំផ្លាញគ្រឿងយុទ្ធោបករណ៍។
ទាហានម្នាក់ក្នុងកងពលតូច Wajiroko បាននិយាយតាមទូរសព្ទថា យ៉ាងហោចណាស់មានទាហាន ៤នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត រងរបួស ក្នុងនោះរួមទាំងមេបញ្ជាការកងពលតូចផងដែរ។
ក្នុងរង្វង់ពេលជាមួយគ្នានោះ ក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើអង្គភាពកងទ័ពមួយផ្សេងទៀត នៅក្នុងទីក្រុង Wulgo ជាប់ព្រំដែនជាមួយប្រទេសកាមេរូន។ ចំនួនអ្នកស្លាប់និងរបួស ក្នុងការវាយប្រហារនោះមិនត្រូវបានគេដឹងនោះទេ។ អ្នកនាំពាក្យកងទ័ពនីហ្សេរីយ៉ាមិនបានឆ្លើយតបនោះឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយ៕