បាល់បោះ៖ កីឡាករ Stephen Curry នៅតែជាតួឯកក្នុងជ័យជំនះ ៧ប្រកួតជាប់គ្នារបស់ Golden State Warriors ក្រោយរកបាន ៣៣ពិន្ទុម្នាក់ឯងយកឈ្នះលើ Los Angeles Clippers ក្នុងពិន្ទុ ១០៥-៩០។ ក្នុងចំណោម ៣៣ពិន្ទុនេះ Stephen Curry បោះបីពិន្ទុបានដល់ទៅ ៧លើកម្នាក់ឯងដែលមានន័យថាគេបោះ ៣ពិន្ទុបាន ១០៥លើកហើយក្នុងចំនោម ១៩ប្រកួត។

១០៥លើកក្នុង ១៩ប្រកួតនៃរដូវកាល Stephen Curry បានបំបែកកំណត់ត្រាខ្លួនឯងជាកីឡាករដែលបោះ ៣ពិន្ទុបានដល់ ១០០លើកលឿនបំផុតក្នុងរដូវកាល។ Golden State Warriors ដែលកំពុងមានស្ថិតិល្អរដូវកាលនេះនៅក្របខណ្ឌ NBA ក្រោយឈ្នះ ១៨ប្រកួតចាញ់ តែ ២ប្រកួតនោះនឹងបន្តជួបជាមួយ Phoenix Suns ដែលកំពុងមានស្ថិតិឈ្នះ ១៦ប្រកួតជាប់គ្នាផងដែរ។ ងាកមកការប្រកួតផ្សេងទៀត LeBron James រកបាន ៣៣ពិន្ទុផងដែរជួយឱ្យ LA Lakers យកឈ្នះ Detroit Pistons ១១០-១០៦ ខណៈ Giannis Antetokounmpo រកបាន ២៦ពិន្ទុ ១៣បាល់រីបោនជួយឱ្យ Milwaukee Bucks យកឈ្នះ Indiana Pacers ១១៨-១០០។ រីឯ Memphis Grizzlies បានយកឈ្នះ Sacramento Kings ១២៨-១០១ ក្នុងនោះ Dillon Brooks រកបាន ២១ពិន្ទុម្នាក់ឯង។ ចុងក្រោយនេះគឺ Boston Celtics ក៏រកបានជ័យជំនះទី៤ ក្នុង ៦ប្រកួតចុងក្រោយផងដែរក្រោយយកឈ្នះ Toronto Raptors ១០៩-៩៧៕
អត្ថបទ៖នាង សុភាវុធ