សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដោយផ្នែកៗលើកដំបូង រវាងប្រទេសរបស់លោក និងអ៊ុយក្រែន មិនអាចមានពេលវេលាណាល្អប្រសើរជាងនេះទៀតទេ។
ពិតមែនហើយ លក្ខខណ្ឌនៃកិច្ចព្រមព្រៀង មានភាពចម្រូងចម្រាស ហើយកិច្ចព្រមព្រៀងនេះ ក៏មិនមែនមានន័យថា ជាទីបញ្ចប់នៃសង្គ្រាមនោះដែរ។ ប៉ុន្តែលោក Putin ហាក់ដូចជាបានបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកថា ការបញ្ចប់អរិភាពណាមួយ នឹងត្រូវបានចងភ្ជាប់ទៅនឹងការលុបទណ្ឌកម្មផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររបស់លោកលិចមកលើរុស្ស៊ី។
ហើយអ្វីដែលសំខាន់នោះ គឺថា សមិទ្ធផលការទូតនេះ កើតមានឡើងនៅក្នុងពេលវេលាដ៏សំខាន់ជាប្រវត្តិសាស្ត្រ ពោលគឺចំពេលដែលលោក Putin ប្រារព្ធខួប ២៥ឆ្នាំ គិតចាប់ពីពេលដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីជាលើកដំបូង។ ក្នុងអំឡុងពេល ២៥ឆ្នាំនេះ រូបលោកបានឃើញការចាកចេញពីតំណែងនៃបណ្ដាមេដឹកនាំលោកខាងលិច ក្នុងនោះរួមទាំងប្រធានាធិបតីអាមេរិក ៤រូបផងដែរ។
លោកគឺជាមេដឹកនាំរុស្ស៊ីដែលកាន់អំណាចយូរជាងគេទី៣ រួចទៅហើយ ក្នុងរយៈពេល ២សតវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីអធិរាជ Nicholas I និងលោក Joseph Stalin។ ហើយខណៈដែលអ្វីៗ កំពុងមានភាពនឹងនរល្អនោះ មានតែកត្តាធម្មជាតិប៉ុណ្ណោះ ទើបអាចដកឥទ្ធិពលរបស់លោក Putin ចេញពីវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូបាន៕