ប្រទេសរុស្ស៊ី នៅថ្ងៃពុធ (ទី២៦ ខែមីនា) នេះ បានថ្កោលទោសការចាប់ខ្លួនមេដឹកនាំជនជាតិភាគតិច Gagauzia ដែលគាំទ្ររុស្ស៊ី នៅប្រទេសម៉ុលដាវី ដោយលើកឡើងថា វាជាគំរូដ៏គួរឲ្យចំអកនៃការព្យាយាមប្រើវិធីសាស្រ្តតាមរយៈស្ថាប័ននគរបាល ដើម្បីរារាំងគូប្រជែងរបស់លោកស្រីប្រធានាធិបតី Maia Sandu។
នគរបាល ក្នុងប្រទេសម៉ុលដាវី បានឃុំខ្លួនលោកស្រី Eugenia Gutul នៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង Chisinau កាលពីល្ងាចថ្ងៃអង្គារ (ទី២៥ ខែមីនា) បន្ទាប់ពីមានការបាត់ខ្លួនដោយអាថ៌កំបាំងនូវសមាជិកសភាគាំទ្ររុស្ស៊ី ២រូបផ្សេងទៀតដែលអាជ្ញាធរត្រូវការខ្លួន។
លោកស្រី Angela Starinschi មន្ត្រីនៅមជ្ឈមណ្ឌលប្រឆាំងអំពើពុករលួយរបស់ម៉ុលដាវី បាននិយាយថា លោកស្រី Gutul ដែលជាមេដឹកនាំនៃជនជាតិភាគតិច Gagauzia ត្រូវបានឃុំខ្លួនរយៈពេល ៧២ម៉ោង នៅក្នុងរដ្ឋធានី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «អាជ្ញាធរបច្ចុប្បន្ន ប្រើវិធីសាស្រ្តនៃការដាក់សម្ពាធដ៏គួរឲ្យចំអកបំផុតលើអ្នកនយោបាយបច្ចុប្បន្ន ដែលមានប្រជាប្រិយភាព និងក្លាយជាគូប្រជែងជាមួយលោកស្រី Maia Sandu»។
ចំណែកលោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានកត់សម្គាល់ថា គូប្រជែងរបស់លោកស្រី Sandu កំពុងត្អូញត្អែរថា សាធារណរដ្ឋមួយនេះ ត្រូវបាន «ប្រែក្លាយទៅជារដ្ឋប្រើកម្លាំងនគរបាល»៕