បន្ទាប់ពីបានជួបជាមួយប្រមុខកតិកាសញ្ញា គឺលោក Mark Rutte នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាសូវីថា ការប្តេជ្ញារបស់អង្គការណាតូ (NATO) ក្នុងការការពារប៉ូឡូញ មិនថាក្នុងស្ថានភាពណាក៏ដោយនោះ គឺមានសារៈសំខាន់ណាស់។
លោក Tusk បាននិយាយថា៖ «ការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ដែលថា អង្គការណាតូ មានកាតព្វកិច្ចការពារប្រទេសប៉ូឡូញ ក្នុងស្ថានភាពធ្ងន់ធ្ងរណាមួយ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើង»។ លោកបានបន្ថែមថា តំណាងរបស់សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ពួកគេនឹងត្រៀមខ្លួនជានិច្ច ដើម្បីការពារប៉ូឡូញ និងបណ្តាប្រទេសសមាជិកអង្គការណាតូផ្សេងទៀត ក្នុងស្ថានភាពមានការគំរាមកំហែង។
ចំណែកលោក Rutte របស់អង្គការណាតូ បានបញ្ជាក់ពីការត្រៀមខ្លួន ដើម្បីការពារសម្ព័ន្ធមិត្តរបស់សម្ព័ន្ធភាពយោធាមួយនេះ ហើយបានបន្ថែមថា ការវាយប្រហារណាមួយ នឹងត្រូវបានជួបជាមួយនឹង «កម្លាំងពេញលេញនៃសម្ព័ន្ធភាពដ៏រឹងមាំមួយនេះ»។
លោក Rutte បានបន្ថែមថា៖ «ការតបតរបស់យើងនឹងបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេង។ ចំណុចនេះត្រូវតែបញ្ជាក់ឲ្យច្បាស់ទៅកាន់លោក Vladimir Vladimirovich Putin និងអ្នកផ្សេងទៀតដែលចង់វាយប្រហារពួកយើង»៕