លោក Ihor Zhovkva គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ប្រធានាធិបតីអ៊ុយក្រែន និយាយនៅថ្ងៃពុធនេះថា រុស្ស៊ី បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនយ៉ាងហោច ៨កន្លែង ចាប់តាំងពីថ្ងៃទី ១៨ ខែមីនារហូតមក ជាពេលដែលទីក្រុងម៉ូស្គូនិយាយថា ពួកគេបានបញ្ឈប់ការវាយប្រហារបែបនេះហើយ ។
ថ្លែងទៅកាន់ទូរទស្សន៍ជាតិ លោក Zhovkva និយាយផងដែរថា ផ្ទុយគ្នានឹងសេចក្តីថ្លែងការណ៍របស់រុស្ស៊ី គ្មានលក្ខខណ្ឌមុន ត្រូវបានពិភាក្សានោះទេជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិក ស្របពេលដែលពួកគេយល់ព្រមបទឈប់បាញ់សមុទ្រខ្មៅជាមួយរុស្ស៊ី អំឡុងកិច្ចប្រជុំនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនាសប្តាហ៍នេះ ។
វិមានក្រឹមឡាំងនិយាយនៅមុននេះថា លក្ខខណ្ឌជាច្រើនត្រូវតែឈានដល់ មុនពេលកិច្ចព្រមព្រៀងសន្តិសុខសមុទ្រខ្មៅដែលបានចរចាជាមួយសហរដ្ឋអាមេរិក អាចដំណើរការទៅបាន ។
សូមបញ្ជាក់ថា វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា រោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរប្រេង និងបំពង់បង្ហូរឧស្ម័ន ហើយនិងស្ថានីយនុយក្លេអ៊ែរ ស្ថិតក្នុងចំណោមគោលដៅដែលរុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្អាកការវាយប្រហារបណ្តោះអាសន្ន ។
តារាងរាយឈ្មោះ រួមបញ្ចូលទាំងទីតាំងស្តុកប្រេង ស្ថានីយបូមប្រេង ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធត្រង់ស្មីស្យុង ដូចជារោងចក្រថាមពល ស្ថានីយរង ត្រង់ស្វម៉ាទ័រ ស្ទ្រីប៊ុយទ័រ និងទំនប់វារីអគ្គិសនីជាមួយដើម ៕